(ស្វាយរៀង) ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ” ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀងខេត្តស្វាយរៀង ។
នាឱកាសនោះ លោកប្រធានដឹកនាំកិច្ចប្រជុំ បានស្នើដល់រដ្ឋបាលខេត្តស្វាយរៀង ជួយសម្របសម្រួល និងផ្ដល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេសក្នុងពិធីបិទ ដែលនឹងប្រព្រឹត្តទៅក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងលោកស្រី កែ សួនសុភី ស សុខា ប្រធានកិត្តិយស យេនឌ័រក្រសួងមហាផ្ទៃ។
បន្ថែមលើសពីនេះ លោករដ្ឋលេខាធិការ ក៏បានស្នើលោកអភិបាលខេត្ត ជួយអំពាវនាវ ដល់សប្បុរសជន និងក្រុមហ៊ុននានា នៅក្នុងខេត្តស្វាយរៀងដើម្បីជួយឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះផងដែរ។
ឆ្លើយតបទៅនឹងសំណើរបស់លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលយក នឹងសន្យារៀបចំចាត់ចែងក្រុមការងារដើម្បីសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តិទៅបានដោយជោគជ័យ ៕