(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសរំលេចឲ្យដឹងថា គិតត្រឹមថ្ងៃទី៦មកករានេះ មានអ្នកចុះឈ្មោះថ្មី៧៨% ចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរលើកទី៨ នៅខេត្តសៀមរាប ត្បិតអ្នកធ្លាប់មកចូលមានត្រឹមតែ១២%ប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាព សន្និសីទសារព័ត៌មាន ស្ដីពី ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ (8th Angkor Ultra-Trail) ឆ្នាំ២០២៥ ដែលគ្រោងធ្វើនាថ្ងៃទី១៨ខែមករាឆ្នាំ២០២៥ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការNOCC ។
ថ្លែងទៅកាន់អ្នកចូលរួមក្នងសន្និសីទសារព័ត៌មាននាព្រឹកមិញនេះលោក បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី បានឲ្យដឹថា គិតត្រឹមថ្ងៃទី០៥ ខែមករាម្សិលមិញ មានអត្តពលិកនិយមរត់ចម្ងាយឆ្ងាយសរុបចំនួន ១,៣៦៨នាក់ មកពី ៤៤ប្រទេស បានចុះឈ្មោះចូលរួម នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករាខាងមុខ ខណៈក្នុងចំណោមអ្នកចុះឈ្មោះបណ្ដោះអាសន្នខាងលើ មាន ៧៨% គឺជាអ្នកថ្មី ដែលទើបចូលរួមលើកដំបូង ។
លោកទេសរដ្ឋមន្ដ្រី ថោង ខុន បញ្ជាក់បន្ថែមថា Angkor Ultra-Trail គឺជាផ្នែកមួយ នៃព្រឹត្តិការណ៍ Ultra-Trail លើពិភពលោក ដែលត្រូវបានរាជរដ្ឋាភិបាល តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី រហូតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបច្ចុប្បន្ន បានគាំទ្រ និងអនុញ្ញាតឲ្យរៀបចំរៀងរាល់ឆ្នាំ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក ក៏ដូចជាផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះ ១,៣៦៨នាក់មកពី ៤៤ប្រទេស ជុំវិញពិភពលោក ហើយប្រទេសចូលរួមច្រើនជាងគេ មានបារាំង កម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម ។ ប៉ុន្ដែនៅសល់រយៈពេលប្រមាណ ១០ថ្ងៃទៀត គណៈកម្មការរៀបចំរំពឹងនឹងអាចទាក់ទាញអ្នកចូលរួមកើនដល់ ១,៧០០នាក់ ឬអាចនឹងកើនឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំមុន ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺអ្នកចុះឈ្មោះបច្ចុប្បន្ន មានអ្នកធ្លាប់ចូលរួមត្រឹមតែ ១២% គ្រាដែល ៧៨% ទៀត គឺជាអ្នកថ្មី ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា «អ្នកដែលធ្លាប់មករួច ហើយ មានតែ ១២% ទេ ប៉ុន្ដែ ៧៨% ទៀត គឺអ្នកចូលរួមថ្មី ។ នេះគឺជាចំណុចសំខាន់ ដែលជួយដល់ការផ្សព្វផ្សាយខ្លាំងណាស់ ។ អ៊ីចឹងព្រឹត្តិការណ៍នេះ ជួយដល់ការផ្សព្វផ្សាយទេសចរណ៍ ពីកម្ពុជាយើង ពិសេសនៅតំបន់អង្គរខ្លាំង ហើយរួម ចំណែកជួយដល់ការអភិវឌ្ឍន៍វិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌ ក៏ដូចជាផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោកទៅខាងក្រៅ រួមចំណែកសំខាន់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ»។
លោកទេសរដ្ឋមន្ដ្រី ក៏បានវាយតម្លៃខ្ពស់ អត្តពលិករត់ចម្ងាយឆ្ងាយកម្ពុជា ដ្បិតវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ជាបណ្ដោះអាសន្នមានអ្នកចុះឈ្មោះរត់ ១២១នាក់ ក្នុងនោះមានអត្តពលិកកម្ពុជា ២៥% ហើយក៏មានស្ដ្រី ៥រូបផងដែរ ។ ក្រៅពីនេះ កីឡាករ-កីឡាការិនីជាច្រើនទៀត បានចុះឈ្មោះរត់វិញ្ញាសាផ្សេងៗ ជាមួយអ្នកនិយមរត់បែបផ្សងព្រេង ដែលភាគច្រើនមកពីអឺរ៉ុប ដូចជាវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រផងដែរ ៕