(ប៊ែរឡាំង) ៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវតទល់លើសមរភូមិវាលស្មៅជាមួយក្រុមជម្រើសជាតិអង់គ្លេស ដើម្បីដណ្តើមជើងឯកពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតដ៏កក្រើកទូទាំងពិភពលោក រៀបចំឡើងនៅកីឡដ្ឋាន Olympiastadion Berlin ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំងមួយនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ០២:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

ក្រុមអេស្ប៉ាញ ៖ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Luis de la Fuente មុនឈានដល់វគ្គចុងបញ្ចប់នេះ ពួកគេធ្វើបានយ៉ាងល្អជាទីបំផុត កាលពីវគ្គកន្លងមក។ អេស្ប៉ាញបញ្ចប់កំពូលតារាងពូល B ដែលជាពូលមរណៈរួមមានអ៊ីតាលី ក្រូអាត និងអាល់បានី ជាមួយកំណត់ត្រាឈ្នះទាំង៣ប្រកួត។ នៅវគ្គ១៦ក្រុមចុងក្រោយ ទម្លាក់ហ្សកហ្ស៊ីលទ្ធផល ៤-១ ហើយបន្តទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ងយ៉ាងភ្ញាក់ផ្អើល នៅវគ្គ៨ក្រុមចុងក្រោយ ដោយចំណាយពេល ១២០នាទី យកឈ្នះលទ្ធផល ២-១ ក្រោយចប់ ៩០នាទី ស្មើគ្នាលទ្ធផល ១-១។ កាន់តែភ្ញាក់ព្រឺតទៀតនោះ អេស្ប៉ាញបន្តទម្លាក់ក្រុមមាន់គកបារាំង ដោយលទ្ធផល ២-១ ថែមទៀត។
អេស្ប៉ាញ ដែលជាក្រុមតែមួយគត់ឈ្នះការប្រកួតទាំង ៦ នៅ Euro 2024 នោះ ធ្លាប់បង្ហាញវត្តមាននៅជើងឯកទ្វីបអឺរ៉ុបចំនួន ១១ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩៦៤ និងឈ្នះជើងឯក ៣ ដង កំពុងកាន់កំណត់ត្រាជាក្រុមឈ្នះជើងឯកច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររួមជាមួយអាល្លឺម៉ង់។ ដូច្នេះបើឈ្នះអង់គ្លេស នៅចុងសប្តាហ៍នេះ អេស្ប៉ាញនឹងបង្កើតកំណត់ត្រាថ្មី គឺជាក្រុមតែមួយគត់ឈ្នះជើងឯកទ្វីបអឺរ៉ុបច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។

ក្រុមអង់គ្លេស ៖ ស្ថិតនៅក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Gareth Southgate មុនឈានដល់វគ្គដណ្តើមជើងឯកនេះ ពួកគេត្រដាបត្រដួសខ្លាំងបំផុត រហូតដល់ថ្នាក់អ្នកគាំទ្រសម្តែងការខឹងសម្បារ ស្រែកចំអក មិនពេញចិត្តចំពោះការដឹកនាំរបស់គ្រូបង្វឹកជនជាតិអង់ គ្លេសវ័យ៥៣ឆ្នាំរូបនេះ ដែលមានទម្រង់លេងមិនមុតស្រួច និងប្រើប្រាស់កីឡាករមិនត្រឹមត្រូវ បើទោះជាមានកីឡាករល្អៗលំដាប់ពិភពលោក រួមទាំងកីឡាករវ័យក្មេងពោរពេញដោយទេពកោសល្យយ៉ាងណាក៏ដោយ។
បញ្ចប់កំពូលតារាងពូល C ប៉ុន្តែអង់គ្លេសខ្មត់គ្រាប់បាល់បញ្ចូលខ្លាំងណាស់ និងយកឈ្នះគូប្រកួតទាំងលំបាក។ ឆ្លងកាត់៣ប្រកួតនៅក្នុងពូល ឈ្នះ១ ស្មើ២ និងនៅសល់សំណល់គ្រាប់បាល់១គ្រាប់ប៉ុណ្ណោះ។ វគ្គ១៦ក្រុមចុងក្រោយ អង់គ្លេសនៅតែបង្ហាញទម្រង់លេងតឹងទ្រូងបន្តទៀត ដោយចំណាយពេល ១២០នាទី ដើម្បីយកឈ្នះស្លូវ៉ាគីលទ្ធផល ២-១។ វគ្គ៨ក្រុមចុងក្រោយទៀតសោត អ្នកគាំទ្រកាន់តែខឹងសម្បារទ្វេរដង ដោយយកឈ្នះលើស្វីស តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៥-៣ ក្រោមចំណាយពេល ១២០នាទី ស្មើគ្នាលទ្ធផល ១-១។ ប៉ុន្តែទោះយ៉ាងណា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្វីៗផ្លាស់ប្តូរទាំងស្រុង អង់គ្លេសបង្ហាញទម្រង់យ៉ាងល្អភ្ជាប់ជាមួយភាពស្វាហាប់របស់កីឡាករ ដោយយកឈ្នះហូឡង់លទ្ធផល ២-១។

អង់គ្លេស ធ្លាប់បង្ហាញវត្តមាននៅជើងឯកទ្វីបអឺរ៉ុបចំនួន ១០ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩៦៨។ ទោះជាឈរក្នុងនាមជាក្រុមជម្រើសជាតិមានប្រជាប្រិយល្បីល្បាញខ្លាំងបំផុតមួយនៅលើពិភពលោកក៏ពិតមែន ប៉ុន្តែអង់គ្លេសមិនទាន់ស្គាល់រសជាតិឈ្នះជើងឯកអឺរ៉ុបនៅឡើយទេ និងធ្លាប់ធ្វើម្ចាស់ផ្ទះ ១ លើក នៅឆ្នាំ ១៩៩៦ កំណត់ត្រាដ៏ល្អបំផុតរបស់ពួកគេ គឺរងជើងឯកនៅឆ្នាំ ២០២០។ ដូច្នេះការប្រកួតចុងសប្តាហ៍នេះ គឺជាផ្លូវ និងការជំរុញកីឡាករអង់គ្លេសទាំងអស់ ដើម្បីបង្កើតកំណត់ត្រាឈ្នះជើងឯកលើកដំបូងនៅជើងឯកទ្វីបអឺរ៉ុប ក្រោយខកចិត្តកាលពី៤ឆ្នាំមុន។
ជំនួបចុងសប្តាហ៍នេះ គឺជាការជួបគ្នាលើកទី ២៨ រវាងអេស្ប៉ាញ និងអង់គ្លេស ខណៈដែល២៧ប្រកួតកន្លងមក អេស្ប៉ាញឈ្នះ ១០ដង អង់គ្លេសឈ្នះ ១៣ដង និងស្មើនឹង ៤ដង។ ៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរស៊ីសងគ្នាបានល្អណាស់ អេស្ប៉ាញឈ្នះ ២ដង អង់គ្លេសឈ្នះ ២ដង និងស្មើគ្នា ១ដង។

បើតាមការព្យាករណ៍ពីបណ្តាអ្នកវិភាគបាល់ទាត់ឯករាជ្យ និងអ្នកវិភាគរបស់សារព័ត៌មានបាល់ទាត់អន្តរជាតិធំៗជាច្រើនបង្ហាញថា ក្រុមគោជល់អេស្ប៉ាញ នឹងយកឈ្នះក្រុមតោកំណាចអង់គ្លេស ដើម្បីគ្រងជើងឯកពានរង្វាន់ UEFA Euro 2024។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែជាការព្យាករណ៍របស់បណ្តាអ្នកវិភាគប៉ុណ្ណោះ ប៉ុន្តែលទ្ធផលពិតប្រាកដជាក់ស្តែង នឹងត្រូវដឹងក្រោយបញ្ចប់ការប្រកួតរវាងក្រុមខ្លាំងទាំងពីរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *