( ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៤២៣ ៧០០ ០០០ រៀល (បួនរយ២៣លានប្រាំពីរសែនរៀល) ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាអាស៊ី លើកទី១៩ ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍។
ពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីនេះត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរីករាយដោយបានចូលរួមក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកអាស៊ី ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង និងមោទនភាព។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡាលោកបណ្ឌិតសភាចារ្យបានកោតសរសើរចំពោះអគ្គនាយកដ្ឋានកីឡា អង្គភាពក្រោមឱវាទ និងមន្ដ្រីពាក់ព័ន្ធ ដែលបានខិតខំអស់ពីលទ្ធភាពសហការគ្នាបានយ៉ាងល្អជាមួយសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកក្នុងការជ្រើសរើស គ្រប់គ្រង តាមដាន និងអភិវឌ្ឍធនធានកីឡា ដែលមានគុណផលកីឡាកម្រិតខ្ពស់ ព្រមទាំងមានសក្ដានុពល និងបន្ដចូលរួមប្រកួតប្រជែងដណ្ដើមបានមេដាយទាំងក្នុងតំបន់ និងពិភពលោក។
តាមរបាយការណ៍របស់លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានគូសបញ្ជាក់ថា ថវិកាដែលប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ នាពេលនេះ គឺដណ្តើមបានលើ៣ប្រភេទកីឡា ដូចជា ការ៉ាតេ ប៉េតង់ និងគុនល្បុក្កតោ លើព្រឹត្តិការណ៍អន្តរជាតិចំនួន៤ រួមមាន៖ ក្រសួងអប់រំបានបញ្ជូនប្រតិភូកីឡាកម្ពុជា ១៧៩នាក់លើ១៧ប្រភេទកីឡា វិញ្ញាសាសរុប ៨៩ ទៅចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhenjiang សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដែលមាន៤៥ប្រទេសចូលរួម មានកីឡាករ កីឡាការិនីសរុប ១១៩០៩នាក់។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយ សំរឹទ្ធ១គ្រឿងពីប្រភេទកីឡាការ៉ាតេលើវិញ្ញាសាសម្តែងក្រុមនារី។
២-ប្រភេទកីឡាប៉េតង់៖ ប្រតិភូ កីឡាករ កីឡាការិនី០៥នាក់ ទៅចូលរួមប្រកួតកីឡាពិភពលោក Single, Doubles, Mixed Doubles World Championship 2023 នៅប្រទេសបេនីន ចាប់ពីថ្ងៃទី០៨-១២ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានចំនួន ៣១ប្រទេសចូលរួម កីឡាករ កីឡាការិនីសរុប១៤០នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ សំរឹទ្ធ០៣គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៦។
៣-ប្រភេទកីឡាការ៉ាតេ៖ ប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុប ៣៧នាក់ ទៅចូលរួមប្រកួតកីឡាជើងឯកអាស៊ី លើកទី១៨ នៅទីក្រុងTashkent ប្រទេសអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី១១-២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួន ៣៣ប្រទេសចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន ៧៣២នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ សំរឹទ្ធិ០២គ្រឿង។
៤- ប្រភេទកីឡាគុនល្បុក្កតោ៖ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំនួន ៣២នាក់ ជើងឯកអាស៊ីអាក្នេយ៍លើកទី១ នៅរាជធានីភ្នំពេញ ដែលមាន៤ប្រទេសចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន ៧៤នាក់ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ០៤គ្រឿង ប្រាក់ ០៥គ្រឿង និងសំរឹទ្ធ ០២គ្រឿង ឈរលំដាប់ថ្នាក់លេខ១៕