ក្រុមជម្រើសជាតិស្វ៊ីសបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមឈរលេខ២ក្នុងពូល A បន្ទាប់ពីប្រកួតស្មើជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់ ១ទល់១ ដែលគ្រាប់បាល់របស់ស្វីសរកបានដោយ Dan Ndoye នៅនាទីទី២៨ ក្នុងការប្រកួតជម្រុះចុងក្រោយក្នុងពូលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មិថុនានេះ។
អ្នកគាំទ្រស្វ៊ីសបានស្រែកហ៊ោ និងច្រៀងនៅទីលានប្រកួត បន្ទាប់ពីគ្រាប់បាល់នាំមុខ ដោយ Ndoye ជាអ្នកស៊ុតបាល់បញ្ចូលទីនាំមុខក្រុមម្ចាស់ផ្ទះ។
ជាមួយគ្នាម្ចាស់ផ្ទះអាល្លឺម៉ងក៏ក្លាយជាក្រុមដំបូងគេដែលមិនចាញ់សោះក្នុងវគ្គជម្រុះតាមពូលនេះ ដោយ៣ប្រកួតឈ្ន២ និងស្មើ១។
ចំណែកស្វ៊ីសវិញធ្វើបានល្អដោយបានធានាវគ្គ១៦ក្រុមរបស់ពួកគេ ក្នុងនោះ៣ប្រកួតរបស់ស្វីសគឺឈ្នះ១ និងស្មើ២ មាន៥ពិន្ទុឈរលេខ២ក្នុងពូល ដណ្តើមបានកៅអីឈរលើហុងគ្រី និងស្កុតឡេនត្រូវហាលអាវ។
ក្នុងនាមក្រុមលេខ១ក្នុងពូល A អាល្លឺម៉ង់ត្រូវប្រឈមមុខនឹងក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ខណៈស្វ៊ីសនឹងត្រូវប៉ះក្រុមឈរលេខ១ក្នុងពូល B វិញ។ ចំណែកហុងគ្រីមាន៣ពិន្ទុឈរលេខ៣ក្នុងពូល រង់ចាំមើលអ៊ុតលទ្ធផលក្រុមលេខ៣ល្អ៕