ក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាឡឺម៉ង់បន្តការចាប់ផ្តើមឈ្នះ Euro 2024 ជាមួយនឹងជ័យជម្នះលើហុងគ្រី ២ទល់០ ដើម្បីក្លាយជាក្រុមដំបូងដែលឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយ Jamal Musiala និង Gundogan បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ជួយក្រុមម្ចាស់ផ្ទះ។
ខ្សែប្រយុទ្ធ Jamal Musiala បានស៊ុតបញ្ចូលទីនៅពាក់កណ្តាលតង់ទីមួយ ដោយបានព្យាយាមបញ្ជូនបាល់យ៉ាងល្អពី Gundogan នៅនាទីទី២២ ខណៈ Ilkay Gundogan ជួយអាឡឺម៉ង់បន្តការនាំមុខ១គ្រាប់ទៀត នៅនាទីទី៦៧ នៅពេលដែលអតីតកីឡាកររបស់ក្រុម Manchester City រូបនេះស៊ុតបញ្ចូលទីបានយ៉ាងល្អផុតដៃអ្នកចាំទី Peter Gulacsi របស់ហុងគ្រី។
ការប្រកួតសប្តាហ៍ដំបូងអាល្លឺម៉ង់បានឈ្នះ ៥-១ លើស្កុតឡេនដោយបានឈ្នះទាំង២ប្រកួតមាន៦ពិន្ទុពេញ ខណៈដែលស្កុតឡេន និងស្វីសបានត្រឹមស្មើគ្នា១ទល់១ ធ្វើឲ្យអាល្លឺម៉ង់បានឡើងទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។
ការប្រកួតបន្ទាប់របស់អាល្លឺម៉ង់គឺត្រូវប៉ះស្វីសនៅក្នុងការប្រកួតជម្រុះតាមពូលចុងក្រោយនៅថ្ងៃទី២៤ មិថុនាខាងមុខ៕