ក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ នឹងធ្វើឲ្យភ្ញាក់ផ្អើលម្តងទៀត បន្ទាប់ពីក្រុមខ្លាំងមួយនេះបានបំបាក់ស្កុតឡេនយ៉ាងចាស់ដៃ ដោយនៅរាត្រីនេះត្រូវជួបហុងគ្រី សម្រាប់ការប្រកួត EURO 2024 សប្តាហ៍ទី២ក្នុងការប្រកួតជម្រុះពូល A នៅវេលាម៉ោង១១យប់ ថ្ងៃពុធទី១៩ ខែមិថុនានេះ។

អាឡឺម៉ង់បានចាប់ផ្តើមការការប្រកួតបើកឆាកដោយយកឈ្នះស្កុតឡេន ៥ទល់១ ខណៈដែលម្ចាស់ជើងឯកយូរ៉ូ៣សម័យកាលមួយនេះបានឈ្នះការប្រកួតបើកឆាក EURO របស់ពួកគេជាលើកទី៨។ អាល្លឺម៉ង់គឺជាក្រុមខ្លាំងមួយនៅអឺរ៉ុបដែលគេរាប់បញ្ចូលក្នុងការប្រជែងពានយូរ៉ូឆ្នាំនេះ។

ក្នុងការប្រកួតជាមួយហុងគ្រីនៅរាត្រីនេះ អាល្លឺម៉ង់នឹងមិនបរាជ័យជាលើកទី២ ដូចកាលពីចាញ់ហុងគ្រីនៅក្នុងការជួបគ្នាចុងក្រោយ ១-០ ក្នុងពាន UEFA Nations League  កាលពីឆ្នាំ២០២១នោះទេ។

ជាមួយគ្នានេះប្រវត្តិហុងគ្រី មិនស្គាល់ចាញ់សោះក្នុងការជួបគ្នា៣លើកចុងក្រោយជាមួយអាល្លឺម៉ង់ ដោយបានស្មើ ២-២ ក្នុងវគ្គចែកពូល EURO 2020 និង ១-១ ក្នុងពានរង្វាន់ Nations League នៅលើទឹកដីខ្លួនឯង។

គ្រូបង្វឹកលោកហុងគ្រីលោក Marco Rossi អះអាងថា ការភ្លាត់ស្នៀតចាញ់ស្វីសកាលពីប្រកួតបើកឆាកបានធ្វើឲ្យក្រុមលោកទទួលបានបទពិសោធន៍ និងកែប្រែកំហុសឡើងវិញ។

សម្រាប់ការប្រកួតក្នុងពូល A នេះដែរក្រុមស្កុតឡេនក៏នឹងត្រូវប៉ះស្វីស ដែលត្រូវប្រជែងយក៣ពិន្ទុក្នុងពូលដូចគ្នា។ ស្កុតឡេនបានចាញ់១ប្រកួតរួចហើយ ខណៈដែលស្វីសធ្វើបានល្អដោយឈ្នះ១ប្រកួត មាន៣ពិន្ទុក្នុងដៃ ប្រសិនបើស្កុតឡេនបន្តចាញ់ទៀតនោះ ការប្រជែងកៅអីវគ្គ១៦ក្រុមចុងក្រោយអាចនឹងពិបាកជាមិនខាន។ សម្រាប់ការប្រកួត១គូនេះនឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ មិថុនា ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *