ភ្នំពេញ៖ក្រុមជម្រើសជាតិទូកនាគកម្ពុជា និងប្រតិភូ គ្រូបង្វឹក បានទៅដល់ប្រទេសរុស្ស៊ី នាល្ងាចថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៤ កំពុងចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិInternational Dragon Boat Festival នាព្រឹកថ្ងៃទី២៩ រហូតដល់ល្ងាច លើពីរវិញ្ញាសាមានដូចជាវិញ្ញាសាប្រកួត២០០ម៉ែត្រ និង៥០០ម៉ែត្រ ខណៈដែលវិញ្ញាសាប្រកួតចម្ងាយ២០០០ម៉ែត្រធ្វើការប្រកួតនៅថ្ងៃទី៣០ ខែ មិថុនា ដែលជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍ប្រកួត។

លោក ចាយ ស៊ីជឿន ប្រធានប្រតិភូ និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងដែរថា កីឡាករជម្រើសជាតិទូកនាគកម្ពុជា បានមកដល់ប្រទេសរុស្ស៊ីដោយសុវត្តិភាព ប៉ុន្តែកម្លាំងកាយថាមពលថយចុះបន្តិចបន្ទួច ដោយមូលហេតុធ្វើដំណើរផ្លូវឆ្ងាយ។ តែទោះជាបែបនេះក្តី ក្រោយសម្រាកគ្រប់គ្រាន់ និងហូបចុកបានគ្រប់គ្រាន់ កម្លាំងក៏ទទួលបានត្រឡប់មកវិញប្រមាណជា៩០% ។

លោកអគ្គលេខាធិការរង សហព័ន្ធរូបនេះ បានពន្យល់ទៀតថា ចំពោះអាកាសធាតុ នៅរដ្ឋកាល់តៃក្រៃ ប្រទេសរុស្ស៊ី ដែលជាកន្លែងប្រកួតនោះ មានអាកាសធាតុក្តៅបន្តិច និងត្រជាក់បន្តិចនៅពេលយប់ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់ក្រុមជម្រើសជាតិទូកនាគកម្ពុជានោះទេឡើយ។

អគ្គលេខាធិការរង បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតនេះ មាន៩ប្រទេសចូលរួម ក្នុងនោះ មាន៖ ១-កម្ពុជា ២-រុស្ស៊ី ៣-ឥណ្ឌូនេស៊ី ៤-ម៉ាយ៉ាន់ម៉ា ៥-ហ្វីលីពីន ៦-ឥណ្ឌា ៧-អូបេគីស្ថាន ៨-វៀតណាម ៩- ម៉ាឡេស៊ី ខណៈដែលប្រទេសរុស្ស៊ីម្ចាស់ផ្ទះមានច្រើនទូកចូលរួម។

លោក ចាយ ស៊ីជឿន បន្ថែមទៀតថា ក្នុងចំណោមប្រទេសចូលរួមទាំង៩នេះ គឺមានប្រទេសខ្លាំងចំនួន២ គឺ ប្រទេសឥណ្តូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា សុទ្ធសឹងជាប្រទេសដែលធ្លាប់ដណ្តើមបានមេដាយពីការប្រកួតកម្រិតអេស៊ានហ្គេម អាស៊ី និងស៊ីហ្គេម។ តែទោះជាបែបនេះក្តីក្រុមទូកនាគកម្ពុជា ក៏បានហ្វឹកហាត់និងបង្កើនបច្ចេកទេសបានយ៉ាងល្អប្រសើរ មុននិងទៅចូលរួមការប្រកួតផងដែរ ។ សម្រាប់ក្តីសង្ឈឹម គឺកម្ពុជានៅតែដាក់ក្តីសង្ឈឹមខ្ពស់ជានិច្ចលើបេសកម្មដណ្តើមមេដាយជូនជាតិ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនាគអន្តរជាតិInternational Dragon Boat Festival នៅរដ្ឋកាល់តៃក្រៃ ប្រទេសរុស្ស៊ីដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាចូលរួមលើ៣វិញ្ញាសាទូកនាគបុរសចំណុះ ១២នាក់ វិញ្ញាសា ២០០ម ,៥០០ម និង២,០០០ម ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *