ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីរាយការណ៍ថា លោកប្រធានាធិបតី Vladimir Putin បានទៅដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកប្រធានាធិបតីនិយាយថា ប្រទេសទាំងពីរចង់សហការគ្នាយ៉ាងជិតស្និទ្ធដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក ចំពោះមុខការប្រឈមដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាមទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា លោក Putin ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅឯអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាង ដោយកម្រាលព្រំក្រហមក្រោមវត្តមានមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
លោក Putin ដែលធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនប៉ុន្មានម៉ោងមុនទៅដល់ទឹកដីកូរ៉េខាងជើងថា លោកកោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ លើសកម្មភាពយោធារបស់លោកនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមការលុកលុយពេញបន្ទុកលើប្រទេសជិតខាងកាលពីឆ្នាំ ២០២២។
លោកនិយាយថា បណ្តាប្រទេសនឹងបន្តប្រឆាំងយ៉ាងម៉ឺងម៉ាត់ នូវអ្វីដែលលោកបានហៅថាជាមហិច្ឆតារបស់លោកខាងលិច ក្នុងបំណងរារាំងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដោយផ្អែកលើយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក ចំពោះអធិបតេយ្យភាព ដោយគិតពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី កើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងពីការរៀបចំសព្វាវុធ ដែលក្រុងព្យុងយ៉ាងផ្តល់ឱ្យទីក្រុងមូស្គូនូវគ្រាប់រំសេវ ដើម្បីបញ្ឆេះសង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងការផ្ទេរបច្ចេកវិទ្យា ដែលនឹងជួយបង្កើនការគំរាមកំហែង បង្កឡើងដោយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់លោកKim Jong Un៕