ក្រុមទីភ្នាក់ងារប្រឆាំងអំពើពុករលួយក្នុងប្រទេសកូរ៉េខាងត្បូងនិងមន្រ្តីប៉ូលិសជាង៣០០០ នាក់សម្រុកចូលគេហដ្ឋានលោកប្រធានាធិបតី Yoon Suk Yeol ទាំងព្រឹកព្រលឹមថ្ងៃពុធនេះ ដោយខ្លះដាក់ជណ្តើរឡើង ខ្លះកាត់បន្លាលួសដែក និងបង្ខាំងឆ្មាំសន្តិសុខគេហដ្ឋានដើម្បីចាប់ឃុំខ្លូនលោក Yoon តាមដីការបស់តុលាការធម្មនុញ្ញ។

ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol និយាយនៅថ្ងៃពុធ ទី១៥ ខែ មករាថា លោកបានសម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នក ស៊ើបអង្កេត ដើម្បី សួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ក្នុងគោលបំណងបញ្ចៀសការបង្ហូរឈាមដាក់គ្នា បើទោះជាលោកយល់ថាការស៊ើបអង្កេតលើរូបលោកជា ទង្វើខុសច្បាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារជាវីដេអូត្រូវបានថតទុកជាមុន លោក Yoon បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តឆ្លើយតបទៅកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ»។ លោកបន្តថាលោកមិនបានទទួលស្គាល់ ភាពស្របច្បាប់នៃការស៊ើបអង្កេតនោះទេ តែលោកសុខចិត្តប្រគល់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នា។

គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះដែរបានឱ្យដឹងថាលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ ក្រុមអ្នកស៊ើបអង្កេត បានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃទី១៥ ខែមករា នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)។ តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។

នៅព្រឹកថ្ងៃពុធនេះ មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះជាលើកទី២៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *