ភ្នំពេញ៖ រាជរដ្ឋាភិបាលរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបន្តលើកលែងពន្ធអចលនទ្រព្យចំពោះសង្កាត់ ក្រុងមួយចំនួន និងពន្យារការអនុវត្តប្រមូលពន្ធលើអចលនទ្រព្យចំពោះក្រុងដែលទើបតែបង្កើតថ្មី។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញលិខិតលេខ ៦៤០២ អពដ ក្នុងនោះ លោកគង់ វិបុល រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងយ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលបានសម្រេចបន្តការលើកលែងពន្ធលើអចលនទ្រព្យ ចំពោះសង្កាត់និងក្រុង មួយចំនួន និងពន្យារការអនុវត្តប្រមូលពន្ធលើអចលនទ្រព្យចំពោះក្រុងដែលទើបតែបង្កើតថ្មី និងបន្ធូរបន្ថយលក្ខខណ្ឌ លើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចំពោះអចលនទ្រព្យមានផ្ទៃក្រឡាលើសពី ៥ ហិកតា ដែលប្រជាពលរដ្ឋកំពុងធ្វើ កសិកម្មបង្កបង្កើនផលដូចខាងក្រោម៖

១. ពន្ធលើអចលនទ្រព្យ

ក- បន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុង សង្កាត់ចំនួន ៤ (បួន) ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្យ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។

ខ- បន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុង ក្រុងចំនួន ៤ (បួន) រួមមាន ក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និង ក្រុងបូកគោ នៃខេត្តកំពត។

គ- លើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុង រុនតាឯកតេជោសែន នៃខេត្តសៀមរាប និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទើបបង្កើតថ្មី។ ចាប់ពីឆ្នាំ២០២៦តទៅ នឹងត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

២. ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ចំពោះអចលនទ្រព្យដែលមានផ្ទៃក្រឡាលើសពី ៥ ហិកតា និងនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬ លិខិតផ្ទេរសិទ្ធិ) ជាប្រភេទដឹកសិកម្ម ឬដីលំនៅឋាន ឬដីមិនមានបញ្ជាក់រូបភាពប្រើប្រាស់ដី ប៉ុន្តែស្ថានភាពប្រើប្រាស់ដីធ្លី ជាក់ស្តែងត្រូវបានប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល តម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការ ប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ។

ការលើកលែងនានាខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ និងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕ ថាច់ យ៉ាត



By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *