ប្រភពច្បាស់ការណ៍បានឲ្យដឹងថា មន្ទីរបរិស្ថានខេត្តមណ្ឌលក្រោមការដឹកនាំរបស់លោកហាស់ វិបុល ដែលទើបប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ ២០២៥ បានដោះលែងជនសង្ស័យ៥នាក់ និងគ្រឿង ចក្រ២គ្រឿង ដែលធ្វើសកម្មភាពឈូសឆាយដីព្រៃនៅ ក្នុងដែនបរិស្ថាន ដែលមន្ត្រីថ្នាក់ក្រោមចាប់បាននៅចំណុចហួសស្ពានអូរទេ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រភពខ្សុឹបខ្សៀវពីអាម៉ីអាថោងនៅតំបន់អូរទេដែលខំបង្ហូរញើសដើម្បីបង្ក្រាបបទល្មើសហើយត្រូវមេៗដោះ លែងនោះបង្ហើបថា តាមទម្លាប់មុនៗមនុស្សម្នាក់ដោះ លែងយ៉ាងហោចណាស់ក៏ត្រូវបង់ប្រាក់២លានរៀលយ៉ាងតិចបំផុត។ ប៉ុន្តែលើកនេះមិនដឹងថា តើត្រូវបង់ ប្រាក់ប៉ុន្មាន? ឬមិនបង់ប្រាក់?ដោយការយោគយល់តាមប្រការណាមួយឬយ៉ាងណានោះទេ?
ទង្វើរបស់មេៗថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
គឺបំពានទាំងស្រុងទៅនឹងសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ដែលត្រូវតែអនុវត្តច្បាប់ 100% ដោយគ្មានការណែនាំឬលើកលែងដល់ជនសង្ស័យដែលប្រព្រឹត្តល្មើសទាំងនោះឡើយ។ យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបដិសេធថា មិនបានដោះលែងទេ និងបង្កសំណុំរឿងបញ្ជូនទៅតុលាការ។ ដូច្នេះទាល់តែសួរខាងស្ថាប័នតុលាការរឿងដោះលែងនេះ។
ប្រភពព័ត៌មានធ្លាយចេញពីទឹកដីសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ហាស់ វិបុល បានគុបគិតជាមួយអនុប្រធានទទួលបន្ទុក ដោះលែងជនសង្ស័យ៥នាក់ និងអាប៊ុលឈូសដីព្រៃ២ គ្រឿង នៅចំណុចហួសស្ពានអូរទេ ក្នុងដែនជម្រកសត្វ ព្រៃកែវសីមា ផ្លូវទៅទឹកជ្រោះប៊ូស្រា ដែលបានចាប់ឃាត់កាលពីព្រឹកថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២៥ មនុស្ស៥នាក់ដែលនាំខ្លួនមកសួរចម្លើយនៅមន្ទីរ ត្រូវបានដោះលែង នៅល្ងាចថ្ងៃទី២៥ខែកុម្ភះ បន្ទាប់ពីឃុំខ្លួនបាន១យប់នៅមន្ទីរបរិស្ថានខេត្ត។
១ថ្ងៃបន្ទាប់មក ពោលគឺនៅថ្ងៃទី២៦ខែកុម្ភះ ឆ្នាំ២០២៥ វេលាម៉ោង១០ព្រឹក អស់លោកមេៗមន្ទីរបានដោះលែងរថយន្តសាំយ៉ុងពណ៌សំបកឪឡឹក១គ្រឿង និងជន សង្ស័យ២នាក់ ដឹកសត្វពង្រូលឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីយកមកដល់មន្ទីរបាន១រយះពេលខ្លី។ ប្រភព បានបន្ថែមថា សត្វពង្រូលនោះត្រូវបានរក្សាទុក ដើម្បីយកទៅឲ្យមន្ត្រីជំនាញអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែដោយសារមិនចេះថែរក្សាឲ្យបានត្រឹមត្រូវ ប្រភពខ្លះថាសត្វពង្រូលនោះ បានងាប់ទៅហើយ។ ការដឹកជញ្ជូនបទល្មើសសត្វពង្រួលនោះ ត្រូវចាប់បានដោយលោករី ថៃសាន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា។
នៅពេលត្រូវបានទាក់ទងដើម្បីសួរ នាំលោក រី ថៃសាន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានរុញអ្នកកាសែតឲ្យទៅសួរលោកស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមានោះវិញ ទើបដឹងរឿង។
លោកស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វ ព្រៃកែវសីមា មិនធ្វើអត្ថាធិប្បាយជាមួយអ្នកកាសែតនោះទេ ដោយជំរុញឲ្យទៅសួរដល់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីតែម្ដង។
លោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឆ្លើយតបអំពីបញ្ហានេះថា “យើងកំពុងបន្តនីតិវិធីជា មួយតុលាការ,ដូច្នេះសូមសួរទៅតុលាការ ពីព្រោះយើងបន្តនីតិវិធីទៅតុលាការរួចហើយ។ យើងបានបញ្ជូនសំណុំរឿងឲ្យទៅតុលាការ។ ដូច្នេះបើចង់ដឹងរឿងទាល់ តែសួរតុលាការ”។
រីឯបញ្ហាសត្វពង្រួលលោកប្រធានមន្ទីរមានប្រសាសន៍ថា ” ចំពោះសត្វពង្រួលយើងបានបន្តនីតិវិធីដូចគ្នា,ពីព្រោះគាត់មិនមែនជាអ្នករកស៊ីទេ”។ លោកបានបន្ថែមថាបច្ចុប្បន្នសត្វពង្រួល ត្រូវបានថែរក្សាដើម្បីត្រៀមប្រគល់ជូនស្ថាប័នជំនាញឬយកទៅភ្នំតាម៉ៅ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានដាស់តឿនដល់មន្ត្រីថ្នាក់ក្រោមអំពីការត្រូវអនុវត្តច្បាប់ឲ្យបាន ១០០% ដោយមិនត្រូវដោះលែងជនសង្ស័យពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃឬរំលោភច្បាប់ផ្សេងៗនោះជាដាច់ខាត។ ជាងនេះទៅទៀត ការឈូសឆាយដីនៅក្នុងដែនអភិរក្សត្រូវបានហាមឃាត់ជាដាច់ខាត។ មានន័យថា ជនប្រព្រឹត្តល្មើសនៅក្នុងដែនអភិរក្សបរិស្ថាន មិនត្រូវបានដោះលែងនោះឡើយ។ តែសម្រាប់មេៗមន្ទីរបរិស្ថានខេត្តមណ្ឌល គិរីមិនខ្វល់និងសេចក្តីណែនាំរបស់ក្រសួងបរិស្ថាននោះឡើយ។
ករណីខាងលើនេះ គឺជាបញ្ហាមួយដែលរដ្ឋបាលខេត្ត មណ្ឌលគិរី ក៏ដូចជាក្រសួងបរិស្ថាន ចាំបាច់ត្រូវបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ពីព្រោះថា ទង្វើទាំងនេះគឺថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឃុបឃិតគ្នាប្រព្រឹត្តល្មើសទាំងស្រុង៕
