(ខេត្តកំពង់ស្ពឺ ) ៖ កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តកោដូនតី ស្ថិតនៅភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់់ ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តកំពង់ស្ពឺទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រុងស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាល ខេត្ត និងប្រជាពលរដ្ឋប្រមាណ៣២០០អង្គ/នាក់។

ក្នុងនាមជាពុទ្ធសាសនិកមួយរូប ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរព្រះគុណព្រះចៅអធិការវត្ត ព្រះថេរានុថេរៈ សប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់កម្លាំងកាយចិត្ត សម្ភារ និងថវិកាចូលរួមកសាងព្រះវិហារ និងសមិទ្ធផលជាបន្តបន្ទាប់ក្នុងវត្តកោដូនតីនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា «សមិទ្ធផលពេលនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីពុទ្ធបរិស័ទ ប៉ុន្តែយើងក៏មិនអាចមើលរំលងពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែរ»។ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ក្នុងការកសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ»។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឧបនាយករដ្ឋមន្ត្រី រំលេចពីមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយ អ្នកដឹកនាំជំនាន់មុន ជាពិសេសការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំ របស់អ្នកជំនាន់ក្រោយ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តរីកចម្រើន ហើយប្រជាពលរដ្ឋនឹងបន្តទទួលបានប្រយោជន៍ថ្មីៗបន្ថែម ពីសុខសន្តិភាព និងគោលនយោបាយអភិវឌ្ឍជាតិរបស់ រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា វត្តឧត្តមគិរីព្រឹក្សា (កោដូនតី) ជាវត្តថ្មីទើបត្រូវបានកសាងបង្កើតឡើងក្នុងឆ្នំា២០០០ ហើយមានព្រះចៅអធិការវត្ត ចំនួន៤ជំនាន់។ ចាប់ពីឆ្នាំ២០១១ ដល់បច្ចុប្បន្ន វត្តឧត្តមគិរីព្រឹក្សា (កោដូនតី) ត្រូវបានគ្រប់គ្រង និងដឹកនាំដោយព្រះតេជគុណ «វរច្ឆន្ទោ ប៉ោ ហុំ» ជាព្រះគ្រូចៅអធិការវត្តជំនាន់ទី៤។

ជាក់ស្តែងសមិទ្ធផលជាច្រើន សាលាឆាន់ធ្វើពីឈើ១ខ្នង សាលាទទួលភ្ញៀវធ្វើពីឈើប្រក់ស្បូវ២ខ្នង កញ្ចុះទទួលភ្ញៀវ ២បន្ទប់ទឹក ស្រះទឹក១ ខ្លោងទ្វារវត្ត១ តបណ្តាញអគ្គិសនីចូលវត្ត រោងម៉ាស៊ីនភ្លើង១ ផ្លូវបេតុង១ខ្សែ និងដាំកូនឈើ ២០០ ដើម ក្នុងវត្តជាដើម។ល។

ដោយមើលឃើញព្រះវិហារចាស់ (ធ្វើពីឈើ) មានសភាពចាស់ទ្រុឌទ្រោម ព្រះចៅអធិការ «ប៉ោ ហុំ» គណៈកម្មការអាចារ្យវត្ត បានឯកភាពគ្នារុះរើព្រះវិហារចាស់នោះចេញ ដើម្បីសាងសង់ជាថ្មីឡើងវិញ។ រោងឧបោសថកម្ម (ព្រះវិហារ) ថ្មី នៃវត្តឧត្តមគិរីព្រឹក្សា ត្រូវបានរៀបចំពិធីក្រុងពលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានសទ្ធជ្រះថ្លា បានជួយសាងសង់ជាថ្មីឡើងវិញ រួមនឹងសមិទ្ធផលជាច្រើនទៀត ដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកានេះរួមមាន៖

-រោងឧបោសថកម្មថ្មី (ព្រះវិហារ រួមទាំងព្រះពុទ្ធបដិមា គំនូរផ្សេងៗនៅក្នុងព្រះវិហារ) តម្លៃ ៣៥១.៦៧៤$
-សមិទ្ធផលថ្មីៗជាហេដ្ឋារចនាសម្ព័ន្ធ តម្លៃ ៩៦.០៥០$ ដែលសរុបរួមមានតម្លៃ ៤៤៧,៧២៤$ ដោយមានចូលរួមចំណែកអំពីពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងសប្បុរសជននានាផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *