ប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមខុសច្បាប់ដែលដឹកនាំដោយក្រុមអតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេបានចាត់ទុកសកម្មភាពទាំងនោះជាអំពើបំផ្លាញក្ដីសុខពលរដ្ឋ និងបំផ្លិចបំផ្លាញកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។

លោក ឃុន ឃា អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបាននិយាយថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ បើយើងជាពលរដ្ឋខ្មែរ ហើយទៅធ្វើការងារនៅប្រទេសកូរ៉េ យើងធ្វើបាតុកម្មនៅលើទឹកដីគេ គឺធ្វើឱ្យខូចសណ្ដាប់ធ្នាប់ប្រទេសគេ ប៉ះសន្ដិសុខស្រុកគេ គឺអាប់ឱនកិត្តិយសជាតិយើង។ បើយើងបានការងារល្អធ្វើហើយ នាំគ្នាខំប្រឹងធ្វើការងារទៅ កុំនាំគ្នាទៅធ្វើបាតុកម្ម»។
ក្នុងនាមជាពលរដ្ឋខ្មែរ លោកក៏ជាអ្នកស្រលាញ់ប្រទេសជាតិដូចពលរដ្ឋដទៃទៀតដែរ ប៉ុន្ដែលោកមិនចាញ់បោក ឬក៏ចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមជ្រុលនិយមនោះទេ។ លោកបានសង្កេតឃើញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ ហើយធ្វើឱ្យលោកមានភាពជឿជាក់មកលើការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ចំណែកលោក វ័ន សុភ័ក្ដ្រ អាយុ៣៩ឆ្នាំ ជាប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំមិនគាំទ្របាតុកម្មទេ ព្រោះបាតុកម្មនៅលើស្រុកទេសគេបែបនេះ ធ្វើឱ្យប្រទេសជាតិយើងបាត់បង់កិត្តិយស ហើយបរទេសនឹងមើលមកយើងថា ជាតិខ្មែរមិនសាមគ្គីគ្នា គឺបាតុកម្មប្រឆាំងតែជាមួយរាជរដ្ឋាភិបាលខ្លួនឯង និងបង្កបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិ»។ លោកជំរុញឱ្យពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ គួរតែបញ្ឈប់ការធ្វើបាតុកម្ម ព្រោះក្រុមអ្នកធ្វើបាតុកម្មនោះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋខ្មែរចង់បាននោះទេ។ លោកនិងពលរដ្ឋដទៃទៀតមិនពេញចិត្តនឹងសកម្មភាពធ្វើបាតុកម្មនោះទេ ព្រោះមិនចង់ឃើញអស្ថិរភាពនយោបាយកើតឡើងនៅក្នុងសង្គមកម្ពុជា។

អ្នកស្រី សឿន ណារិន អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋក្នុងខេត្តតាកែវបាននិយាយថា៖«ខ្ញុំមិនចូលចិត្តបាតុកម្មទេ ព្រោះវាជាកត្តាដែលរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិយើង បើយើងមួយថ្ងៃៗគិតតែពីធ្វើបាតុកម្ម គឺយើងគ្មានពេលវេលាធ្វើការងារ គ្មានការអភិវឌ្ឍសមត្ថភាព និងគ្មានការងារល្អសមរម្យសម្រាប់រកលុយកាក់ចិញ្ចឹមជីវិតនោះទេ»។

អ្នកស្រី អ៊ួន សៅនី អាយុ ២៤ឆ្នាំប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«បាតុកម្ម គឺមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសជាតិនោះទេ ហើយវាក៏មិនអាចធ្វើឱ្យប្រទេសជាតិរីកចម្រើនដែរ។ ក្នុងនាមយើងជាយុវជន ខិតខំប្រឹងប្រែងធ្វើការងារ ពង្រឹងសមត្ថភាព ហើយមានពេលវេលាសម្រាកឱ្យបានច្រើន ដើម្បីមានកម្លាំងប្រកបការងារផ្សេងៗទៀត»។

ចំណែកលោក ផល ចិត្រា អាយុ ៤៥ឆ្នាំ ប្រជាជនក្នុងខេត្តព្រៃវែងបាននិយាយថា៖«ខ្ញុំក៏អត់គាំទ្រសកម្មភាពបាតុកម្មដែរ ព្រោះបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ធ្វើឡើងដើម្បីតែអុចអាល បោកប្រាស់ បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យមានការស្អប់ខ្ពើមភាន់ច្រឡំមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ»។

អ្នកស្រី សាន ស្រីអូន អាយុ ២៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ខ្ញុំមិនគាំទ្របាតុកម្មទេ គឺស្អប់ខ្ពើមការធ្វើបាតុកម្ម ព្រោះទម្រាំតែយើងបានដើរមកដល់ចំណុចនេះ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីថ្នាក់ដឹកនាំយើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកសាងប្រទេសជាតិយើងឱ្យរីកចម្រើន»។

គួររម្លឹកផងដែរថា បាតុកម្មនៅក្រៅប្រទេសដឹកនាំដោយមេក្លោងជាជនក្បត់ជាតិ និងជាទណ្ឌិតរត់ចោលស្រុក គឺដើម្បីបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ នេះជាចេតនាចង់បំផ្លាញកម្ពុជា ពោលគឺពួកប្រឆាំងជ្រុលនិយមធ្វើនយោបាយចងគំនុំ និងមិនដែលធ្វើសកម្មភាពណាមួយ ដើម្បីប្រយោជន៍ជាតិឡើយ ក្រៅតែពីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។ ពួកគេមានបំណងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរដែលកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ដូចនេះពលរដ្ឋខ្មែរនៅក្នុងស្រុកបានថ្កោលទោសចំពោះការបាតុកម្មក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញផលប្រយោជន៍ជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរជាង ១៧លាននាក់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *