ខេត្តកំពង់ស្ពឺ ÷ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងស្យា បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា ប្រើពូថៅកាប់បំផ្លាញទ្រព្យសម្បត្តិវាយទ្វារ និងបង្អួចកុដិលោក សង្ឃ ព្រោះខឹងព្រះសង្ឃ ផន ចាន់សុជាតិ ចេះអំពើអាបធ្មប់។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៨ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងស្យា បានទទួលពាក្យបណ្ដឹងពីព្រះតេជគុណ ផន ចាន់សុជាតិ ព្រះជន្ម២៣ វស្សា ជាភិក្ខុ គង់នៅវត្តនទីវន្ត ហៅ តាំងហោង ស្ថិតនៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច បានប្ដឹងរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៥និង៣០នាទី មានឈ្មោះ ចិន សុខរ៉ា ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា បានធ្វើសកម្មភាពមករករឿងព្រះតេជគណផន ចាន់សុជាតិ ដែលកំពុងសងនៅក្នុងកុដិដោយមានកាន់ពូថៅជាប់ដៃ ហើយស្រែកសួរថា អាចំពោចនៅអត់ រួចក៏បានកាប់បង្អួចពីខាងត្បូងចំនួន០២ពូថៅ ហើយដើរមកកាប់ទ្វារចំនួន០២ពូថៅ និងកាប់បង្អួចខាងជើងទ្វារចំនួន០២ ពូថៅទៀត ពេលនោះព្រះតេជគណក៏បានលូនចេញតាមបង្អួចពីខាងត្បូង និមន្ដតាមផ្លូវទៅភូមិឈើនាងខ្ពស់ ហើយជនសង្ស័យក៏បានកាន់ពូថៅរត់ដេញតាមកាប់ តែត្រូវបានប្រជាពលរដ្ឋស្រែកឆោឡោ ទើបជនសង្ស័យរត់ឡើងលើស្ពានឆ្ពោះទៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបាត់ទៅ។
លុះដល់ម៉ោង ១១និង០០នាទីថ្ងៃ ទី ខែ ឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យខាងលើនៅចំណុចក្បែរស្ពានតាំងហោងពីខាងត្បូង យកមកសាកសួរនិង បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើប្រាកដមែន។
មូលហេតុ ៖ ខឹងព្រះសង្ឃផន ចាន់សុជាតិ ចេះអំពើអាបធ្មប់។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែ ឆ្នាំខាងលើ ឈ្មោះ ចិន សុខរ៉ា ធ្លាប់បានយកពូថៅវាយព្រះតេជគណខាងលើ ចំនួន០២ដងពូថៅចំខ្នង រងរបួសស្រាល ហើយរត់គេចខ្លួនបាត់។
ករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង និង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាង ទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី៕