ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីមានការលួចសាងសង់សំណង់អាគារកម្ពស់៦-៧ ជាន់អត់ច្បាប់ និងបានសង់រំលោភយកដីប្រឡយ៦៥ នៅជាប់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកទល់ពេលនេះ ពុំមាននរណាអាចបញ្ជាក់ពីសាវតារបស់ម្ចាស់សំណង់ខាងលើនៅឡើយនោះទេ បើទោះបីអាជ្ញាធរស្រុកធ្លាប់ចុះទៅហាមឃាត់ចំនួន៣លើករួចមកហើយក៏ដោយ។ រីឯស្ថាប័នជំនាញ ខេត្តកំពង់ស្ពឺ ក៏មិនបំភ្លឺនោះដែរ។ មិនបំភ្លឺ,មិនដឹងថា លោកមិនដឹងឬមួយក៏ដឹងដែរធ្វើមិនដឹង?
តើម្ចាស់សំណង់ខុសច្បាប់ ដែលបានលួចសាងសង់រំលោភយកដីរដ្ឋនៅចំណុចប្រឡាយ៦៥ ស្ថិតនៅក្នុងភូមិក្រាំងទ្រា ស្រុកគងពិសីខាងលើជានរណា ? ហើយអាងអំណាចអ្វីក្នុងសម័យសន្តិភាពនេះ តើអាចរួចផុតពីច្បាប់និងកណ្ដាប់ដៃលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល ខេត្តកំពង់ស្ពឺ និងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដែរឬទេ បន្ទាប់ពីលោកទាំងទ្វេរបានជ្រាបករណីខាងលើនេះទៅហើយ?
លោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឲ្យដឹងថា លោកអភិបាលរងស្រុកទទួលបន្ទុកថាសំណង់នេះអត់ច្បាប់នោះទេ ហើយរដ្ឋបាលស្រុកបានចុះឃាត់៣ លើកមកហើយ តែម្ចាស់សំណង់នោះនៅតែលួចលាក់ នឹងធ្វើបន្តធ្វើ។ រដ្ឋបាលស្រុកនឹងសុំគោលការណ៍ និងវិធានការ បន្តពីរដ្ឋបាលខេត្ត និងជំនាញមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត។
លោកចៅហ្វាយស្រុករូបនេះក៏បានបង្ហាញពីអាកប្បកិរិយាហាក់មិនចង់ផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាននោះទេ ព្រោះរាល់ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទចូលដើម្បីឲ្យជួយបំភ្លឺបន្ថែមជុំវិញករណីខាងលើនេះ លោកមិនលើកទូរស័ព្ទទេ និងបើទោះបីអ្នកសារព័ត៌មានទៅ ដល់សាលាស្រុកគងពិសីក៏ដោយ។
ដូចគ្នានេះដែរ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺក៏មិន បានបំភ្លឺជុំវិញករណីខាងលើនោះដែរ ដោយលោកបានព្យាយាមគេចវេសពីអ្នកសារព័ត៌មាន ព្រោះរាល់ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទចូល,លោកតែងតែនិយាយថា លោកជាប់ប្រជុំ និងបានចុចទូរស័ព្ទបិទតែម្ដង។ បន្ទាប់មកអ្នកសារព័ត៌មានក៏នៅតែព្យាយាមហៅទូរស័ព្ទទៅម្ដងហើយម្ដងទៀត មិនក្រោមក្បែរ១០ដងនោះទេដើម្បីឲ្យលោកជួយបំភ្លឺចៀសវាមានការភាន់ច្រឡំណា មួយ តែរាល់ពេលទូរសព្ទចូលចូលគឺគ្មានអ្នកលើកនោះឡើយ។ ទង្វើបែបនេះថា តើអាកប្បកិរិយាបែបនេះ អាចឆ្លុះបញ្ចាំពីក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមលោកជាមន្ត្រីជាអ្នកបម្រើរាស្ត្រដែរឬយ៉ាងណា?
បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យដឹងថា ប្រឡាយ៦៥ នេះនៅក្នុងឆ្នាំ២០០៧ ក្រសួងបានស្ដារ និងដោយសារស្ថានភាពប្រឡាយមានសភាពតូច រដ្ឋក៏បានទិញដីពីប្រជាពលរដ្ឋពង្រីកបន្ថែមរហូតមានទំហំ៣០ម៉ែត្រ ប៉ុន្តែលោកមិនដឹងថា អាគារខាងលើនោះ គេធ្វើហើយមុនឬយ៉ាងម៉េចនោះទេ ហើយប្លង់ចេញមុនឬម៉េចទេ ហើយក៏មិនដឹងថា បានកាត់កងគ្នាឬក៏អត់នោះដែរ៕