ខេត្តកំពង់ស្ពឺ៖ លោក រីម ប៊ុនធឿន ដែលគេស្គាល់ច្បាស់ថា ជាមេភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ កើតទុក្ខមិនសុខចិត្តនាំគ្នាផ្តិតមេដៃគ្រោងដាក់ពាក្យបណ្តឹងទៅលោកមេឃុំ,អភិបាលស្រុកឱរ៉ាល់ និងអភិបាលខេត្តកំពង់ស្ពឺ ជួយអន្តរាគមន៍ដោះស្រាយ និងស្នើសុំដក ចេញពីមេភូមិព្រៃធំ ដាក់អ្នកផ្សេង ក៏ព្រោះតែលោកមេភូមិរូបនោះ បានប្រព្រឹត្តអំពើពុករលួយ រាល់ពេលដែលប្រជាពលរដ្ឋ សុំចុះហត្ថលេខា លក់ដូរដីធ្លី គឺលោកមេភូមិតម្រូវឱ្យបង់លុយចាប់ពី៤០០ដុល្លារ ៨០០ដុល្លារ ទៅ១២០០ដុល្លារ ក៏មានដែរ។
លោក ព្រំ សារី អាយុ៧៤ឆ្នាំ និងលោក ស៊ុន ពឿន អាយុ ៥៩ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយស្រដៀងគ្នាថា ពួកគាត់រស់នៅរាល់ថ្ងៃមានការលំបាកខ្លាំងណាស់ រាប់ឆ្នាំមកហើយ។ ក្តីកង្វល់របស់ពួកគាត់នោះព្រោះតែប្រជាពលរដ្ឋ ពួកគាត់មានជំងឺប្រចាំកាយ លោកមេភូមិព្រៃធំមិនដែលទៅអើតឈ្ងោក ឬទៅសួរសុខទុក្ខម្តងណាឡើយ។ ហើយចំពោះប្រជាពលរដ្ឋក្រីក្រ ខ្វះខាត គ្មានទីពឹង ក៏លោកមេភូមិមិនយកចិត្តទុកដាក់ធ្វើប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រឱ្យដែរ។ ប្រសិនបើប្រជាពលរដ្ឋ លក់ដូរដីធ្លីវិញគឺ លោក រីម ប៊ុនធឿន មេភូមិព្រៃធំតម្រូវឱ្យបង់លុយ ដីលំនៅឋានតម្រូវឱ្យបង់លុយ៤០០ដុល្លារ ហើយបើ ដីកសិកម្មវិញចំនួន៨០០ដុល្លារ ដល់១២០០ ដុល្លារក៏មានដែរ ទើបលោកមេភូមិព្រៃធំ ចុះហត្ថលេខាលក់ដូរដីធ្លីនោះ។
ប្រជាពលរដ្ឋដដែលបន្តថា ជាក់ស្តែងកាលពីអំឡុងឆ្នាំ ២០២២គាត់បានលក់ដីធ្លីរបស់គាត់ ដើម្បីយកលុយទៅព្យាបាលប្រពន្ធរបស់គាត់ដើម្បីបានរស់ ប៉ុន្តែលោក រីម ប៊ុនធឿន តម្រូវឱ្យគាត់បង់លុយចំនួន១២០០ដុល្លារទើបគាត់ចុះហត្ថលេខាឱ្យលក់ដូរបាន។ ទង្វើរបែបនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿលើលោករីម ប៊ុនធឿន ដែលជាមេភូមិ ដែលប្រព្រឹត្តអំពើពុករលួយបែបនេះ។ គ្មានឆន្ទៈបំរើប្រជាពលរដ្ឋ និង សង្គមនោះឡើយ។
ប្រជាពលរដ្ឋគ្រោងសម្រេចចិត្តផ្តិតមេដៃស្នើសុំទៅលោក អភិបាលស្រុកឱរ៉ាល់ និង ឯកឧត្តមអភិបាលខេត្តដើម្បីដកលោក រីម ប៊ុនធឿន ចេញពីមេភូមិ ហើយដាក់អ្នកថ្មី ដែលមានឆន្ទៈបំរើប្រជាពលរដ្ឋ ប្រយោជន៍រួម និងការអភិវឌ្ឍន៍ជាដើម។
បើយោងតាមគម្រោងដាក់ពាក្យស្នើសុំ របស់ប្រជាពលរដ្ឋ ជាច្រើនមានខ្លឹមសារដូចតទៅ៖ ខ្ញុំបាទ/នាងខ្ញុំជាប្រជាពលរដ្ឋ រស់ រស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាច្រើនគ្រួសារ។
កម្មវត្ថុ÷ ស្នើសុំឱ្យលោកមេឃុំ លោក អភិបាលស្រុក និងឯកឧត្តមឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ដក លោក រីម ប៊ុនធឿន ជាមេភូមិព្រៃធំបច្ចុប្បន្នចេញពីតំណែង ដោយ សារតែលោកមេភូមិរូបនេះប្រព្រឹត្តអំពើពុករលួយ ដូចជា រាល់ពេលដែលប្រជាពលរដ្ឋលក់ដីធ្លី លោកមេភូមិតម្រូវឱ្យប្រជាពលរដ្ឋបង់លុយចាប់ពី៤០០ ដុល្លារ រហូតដល់ ៨០០ដុល្លារទើប ចុះហត្ថលេខាឱ្យ បើមិនបានលុយទេ ច្បាស់ជាលោកមេភូមិទុកឯកសារចោលហើយ។
យោងតាមៈ កន្លងមកនៅក្នុងភូមិព្រៃធំមានប្រជាពលរដ្ឋជាង៤០០គ្រួសាររស់នៅ ហើយអង្គការអិល (GIZ) បានប្រគល់គ្រឿងចក្រ(អាត្រាក់ទ័រ)ចំនួន ០២គ្រឿង ទុកសម្រាប់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ ប៉ុន្តែបែរជាលោក រឹម ប៊ុនធឿន មេភូមិព្រៃធំដែលកាន់កាប់នោះ ពេលដែលប្រជាពលរដ្ឋទៅយកអាត្រាក់ទ័រភ្ជួររាស់ដី លោកមេភូមិតម្រូវឱ្យបង់លុយចំនួន៨ម៉ឺនរៀលទៅវិញដែលទង្វើររបស់លោកមេភូមិធ្វើកំពុងប្រព្រឹត្តអំពើពុករលួយពេញ បន្ទុកហើយ។
តបតាមកម្មវត្ថុនិងយោងខាងលើ សូមលោកមេឃុំ លោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ធ្វើការដោះដូរលោក រីម ប៊ុនធឿន ចេញពីមេភូមិ ហើយជ្រើសរើសមេភូមិថ្មីដែលចេះគិតគូរពីសុខនិងទុក្ខលំបាកនិងមានឆន្ទៈក្នុងការបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋផងទាន។
ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋនេះ អ្នកយកព័ត៌មានយើង មិនអាចសុំការបកស្រាយពីលោកមេភូមិបានទេដោយមិនមានលេខទូរស័ព្ទធ្វើការទំនាក់ទំនង៕