(កណ្ដាល)៖ រណ្ដៅដី២ទីតាំងទំហំរាប់សិប ហិកតា ដែលមានជម្រៅជ្រៅស្ទើរដល់ក្បាលប្រែតហើយហួសសុពល ភាពអាជ្ញាបណ្ណ ដែលបច្ចុប្បន្ននេះ នៅតែបន្តលួចជីកកាយដឹកយកទៅលក់យ៉ាងសកម្ម បំផ្លិចបំផ្លាញផ្លូវសាធារ ណៈនិងបង្កឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននៅតំបន់ភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល ខណៈលោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្ដាលស្ទឹងគ្មានហ៊ានបង្ក្រាប ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ម្ចាស់ទីតាំងរណ្ដៅដីហួសសុពលទាំង២នាក់នោះគឺ ទី១. លោក ឃ្លាំង ចំរើន ហៅភាព អាសយដ្ឋានភូមិព្រែកតាប្រាក់ឃុំតាលន់ ស្រុក ស្អាង ខេត្តកណ្តាល ធ្វើអាជីវកម្មអាចម៍ដី នៅតំបន់ភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលអាជ្ញាបណ្ណមានសុពលភាពចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងទី២ លោក រ៉ង រ៉ា អាសយដ្ឋាន ផ្ទះលេខ ៦២ ផ្លូវបេតុង ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើអាជីវកម្មអាចម៍ដី នៅតំបន់ភូមិក្រាំងពី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលអាជ្ញាបណ្ណមានសុពលភាពចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៤។
លោក រ៉ង រ៉ា បានឱ្យដឹងកាលពីម្សិលមិញថា លោកជាប់រវល់កម្មវិធីការគេ ចាំស្អែកលោកនឹងបំភ្លឺជូន ប៉ុន្តែរហូតមកទល់ម៉ោងនេះ បណ្ដាញសារព័ត៌មានយើងនៅមិនទាន់បានការបំភ្លឺពីលោក រ៉ង រ៉ា នៅឡើយនោះទេ។
រីឯលោក ឃ្លាំង ចំរើន ហៅភាព ម្ចាស់អាជ្ញាបណ្ណលេខ ០១៣៨ រថ.អធរ.អប ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់ថា ចាំលោកផ្ញើអាជ្ញាបណ្ណឲ្យទៅខាងស្រុក លោកមិនត្រូវផ្ញើឲ្យខាងសារព័ត៌មានអីទេ។
ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ក្រុមធ្វើអាជីវកម្មជីករណ្ដៅដីខាងលើនេះ បានកំពុងតែជីកលើសទំហំនិងលើសជម្រៅដែលបានស្នើសុំពីក្រសួងរ៉ែ និងមិនធ្វើរបងបិទជិតរឹងមាំដើម្បីការពារអាយុជីវិតមនុស្សឬការពារសត្វ ពាហនៈរបស់ប្រជាជន ពោលគឺធ្វេសប្រហែសមិនគោរពតាមកិច្ចសន្យា។
ប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមនេះ កំពុងបានធ្វើឲ្យខួចផ្លូវកៅស៊ូរដ្ឋថ្មីស្ទើរទាំងស្រុង និងផ្លូវក្នុងភូមិរបស់ប្រជាជនមួយចំណែកទៀតផង ជាពិសេសគឺបណ្ដាលឲ្យហុយខ្លាំង និងមិនគោរពតាមការណែនាំរបស់អាជ្ញាធរនិងមន្ទីរជំនាញនោះទេ ពោលគឺមិនស្រោចទឹកលើផ្លូវឲ្យបានជាប្រចាំនោះទេ។
លោកប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែខេត្តកណ្ដាលបានឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះ លោកនឹងចាត់ក្រុមការងារឲ្យចុះតាមដាន ឃ្លាំមើលឲ្យបាន២ខែម្ដង ឬ៣ខែម្ដង។ លោកបន្តថា ចំពោះរបងជុំវិញទីតាំងរណ្ដៅដីខាងលើ លោកបានណែនាំរួចរាល់ហើយ ហើយលោកនឹងបន្តណែនាំទៀត។
ទាក់ទិនករណីខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះស្នើសុំឲ្យលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ជួយមានវិធានការបង្ក្រាបនិងទប់ស្កាត់ពីក្រុមធ្វើអាជីវកម្មជីករណ្ដៅដីហួសសុពលភាពខាងលើនេះផង បើពុំដូច្នោះទេ រដ្ឋក៏ខាតបង់ ផ្លូវរដ្ឋ ផ្លូវក្នុងភូមិក៏ខូចខាត ហើយប្រជាជនក៏រស់នៅប្រឈមនឹងហានិភ័យនិងមិនសប្បាយចិត្តដែរ៕