បន្ទាយមានជ័យ ៖ ចុងស្លាបមាន់បង្កក ជាង២តោន ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបដកហូត និងដុតបំផ្លាញចោល កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យសារព័ត៌មានដឹងថា ចុងស្លាបមាន់បង្កកខាងលើ មានចំនួន ២០០កេស ស្មើនឹង ២,៤០០ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញរបស់លោក សហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើររត់ពន្ធតំបន់៥ ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង ១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។

លោកបន្តថា ចុងស្លាបមាន់បង្កកខួចគុណភាព មានម្ចាស់ឈ្មោះ ឈិន សុខាន់ បានលួចនាំចូលពីប្រទេសថៃ ដោយបង្កប់តាមរថយន្តសាំយ៉ុងមួយគ្រឿង ដើម្បីចែកចាយក្នុងទីផ្សារខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច បញ្ជាក់បន្ថឺមថា ក្រោយធ្វើការត្រួតពិនិត្យ ស្លាបមាន់បង្កកនេះ គឺ គ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាត ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព ទើបមន្ត្រីជំនាញធ្វើកំណត់ហេតុដកហូត និងសុំគោលការណ៍ដុតបំផ្លាញចោលតែម្តង ។

ក្រៅពីការដកហូត និងដុតបំផ្លាញចោលនូវវត្ថុតាងខាងលើ មន្ត្រីជំនាញ ក៏បានឲ្យឈ្មោះ ឈិន សុខាន់ ជាម្ចាស់ទំនិញផ្តិតមេដៃ បញ្ឈប់សកម្មភាពទិញផលិតកម្មសត្វបង្កក ដែលគ្មានគុណភាពនេះបន្តទៀតផងដែរ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed