(ឡុងដ៍)៖ លោក Keir Starmer នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស ស្របពេលដែលនៅថ្ងៃសុក្រនេះ គណបក្សប្រឆាំង Labour របស់លោក បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសកល ហើយវាបិទបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល១៤ឆ្នាំ របស់គណបក្ស Conservative។ នេះបើតាមទីភ្នាក់ងារ ព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។

នាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្ន ដែលមកពីបក្ស Conservative គឺលោក Rishi Sunak បានទទួលស្គាល់បរាជ័យ ដោយនិយាយថា គណបក្ស Labour បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលនេះ ហើយលោកបានទូរស័ព្ទទៅកាន់លោក Kier Starmer ដើម្បីអបអរសាទរជ័យជម្នះរបស់លោក។ បក្ស Labour ឈ្នះបានអាសនៈលើស៣២៦អាសនៈ ដែលចាំបាច់ដើម្បីក្តោបក្តាប់​សំឡេងភាគច្រើន នៅក្នុងរដ្ឋសភាអង់គ្លេស ដែលមានអាសនៈសរុបចំនួន៦៥០។ រីឯបក្ស Conservative ទទួលបានត្រឹម១៣១អាសនៈប៉ុណ្ណោះ ដែលជាចំនួនដ៏ទាបបំផុតមួយ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ លោក Sunak នឹងដាក់ពាក្យលាលែងពីតួនាទី ទៅកាន់ព្រះមហាក្សត្រអង់គ្លេស គឺព្រះអង្គ Charles III ដែលជាប្រមុខរដ្ឋ ហើយទ្រង់នឹងត្រាស់បង្គាប់ឱ្យលោក Starmer ក្នុងនាមជាមេដឹកនាំគណបក្សធំបំផុតក្នុងរដ្ឋសភា ចាប់ផ្តើមការបង្កើត​រដ្ឋាភិបាលថ្មី។ វាគឺជាការវិលត្រឡប់ មកកាន់អំណាចសាជាថ្មី សម្រាប់គណបក្ស Labour គិតចាប់តាំងពីឆ្នាំ២០១០ ជាមួយអាសនៈសរុប​រហូតដល់ ៤១០ អាសនៈ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed