ប្រជាជននៅក្នុងផ្សារ Aligre របស់ទីក្រុងប៉ារីស បានបញ្ចេញមតិផ្សេងៗគ្នា នៅថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) ទាក់ទងនឹងការបោះឆ្នោតសភាជុំទី២ របស់ប្រទេសបារាំងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ (ទី៧ កក្កដា)។

ពលរដ្ឋបារាំងម្នាក់ឈ្មោះ Vincent Bignalet ដែលរស់នៅក្នុងសង្កាត់ទី១២ របស់ទីក្រុងប៉ារីស បង្ហាញនូវក្ដីបារម្ភអំពីការកើនឡើងនូវការគាំទ្រ ចំពោះក្រុមស្តាំនិយមជ្រុល និងឥទ្ធិពលរបស់ក្រុមនេះទៅលើជោគវាសនារបស់ប្រទេស។ ពលរដ្ឋរូបនេះបាននិយាយថា៖ «ខ្ញុំព្រួយបារម្ភអំពីការកើនឡើងជាលំដាប់នូវគាំទ្រ ចំពោះក្រុមស្តាំនិយមជ្រុល នៅក្នុងលទ្ធផលបោះឆ្នោត ហើយខ្ញុំពិតជាមិនអាចមើលឃើញថា អ្នកណានឹងឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនេះនោះទេ»។

តែអ្នកផ្សេងទៀតមិនសូវជាមានទុទិដ្ឋិនិយមនោះទេ ដោយអាជីវករផ្សារម្នាក់ ឈ្មោះ Habib Jebli ដែលឈរនៅពីក្រោយកន្លែងលក់ផ្លែឈើ ចំកណ្តាលផ្សារ បាននិយាយថា៖ «ខ្ញុំមិនឃើញមានបញ្ហអ្វី (ជាមួយក្រុមស្ដាំនិយមជ្រុល) នោះទេ»។

គួរបញ្ជាក់ថា គណបក្សនានា នៅទូទាំងមជ្ឈដ្ឋាននយោបាយ បានជំរុញអ្នកបោះឆ្នោតបារាំងចេញទៅបោះឆ្នោតឲ្យបានច្រើន នៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីធ្វើឲ្យលទ្ធផលផ្អៀងទៅផ្លូវណាមួយ ខណៈដែលការស្ទង់មតិ បានព្យាករថា គណបក្សស្តាំនិយមជ្រុល នឹងជាអ្នកឈ្នះទី១ ប៉ុន្តែខ្វះសំឡេងភាគច្រើនដាច់ខាត។

គណបក្សប្រឆាំងអន្តោប្រវេសន៍ និងរិះគន់សហភាពអឺរ៉ុប គឺគណបក្សរួបរួមជាតិ (RN) របស់លោកស្រី Marine Le Pen បាននាំមុខការបោះឆ្នោតសភាជុំទី១ ដោយទទួលបានសំឡេងឆ្នោត ១ភាគ៣ ដែលលទ្ធផលនេះបើកឱកាសឲ្យក្រុមស្តាំនិយមជ្រុលអាចដឹកនាំរដ្ឋាភិបាលបារាំងជាលើកដំបូង គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។

ប៉ុន្តែបន្ទាប់ពីមានការដកបេក្ខភាពជាយុទ្ធសាស្ត្របន្តបន្ទាប់ពីគណបក្សប្រកាន់កណ្ដាល ក្នុងគោលបំណងលើកអ្នកណាដែលល្អបំផុត ដើម្បីទៅប្រកួតប្រជែងជាមួយក្រុមស្តាំនិយមជ្រុល ការស្ទង់មតិជាច្រើនបានព្យាករពីការធ្លាក់ចុះនូវចំនួនអាសនៈដែលគណបក្ស RN អាចឈ្នះ ដែលធ្វើឲ្យសំឡេងភាគច្រើនដាច់ខាតកាន់តែពិបាកសម្រេចបាន ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed