លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ចំអកថា បន្ទាប់ពីការជជែកដេញដោលកាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅនេះ ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច លោក ចូ បៃដិន (Joe Biden) អាចនឹងចាកចេញពីការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងចូលកាន់តំណែងជំនួសវិញ។

លោក ត្រាំ បាននិយាយដូចដែលបានដកស្រង់ដោយគេហទំព័រ Daily Beast ថា «គាត់ [លោក បៃដិន] នឹងលាលែងពីតំណែង អ្នកដឹងទេ គាត់នឹងឈប់ចូលរួមការប្រកួតប្រជែង»។ អ្នកនយោបាយរូបនេះបាននិយាយបន្ថែមថា «ខ្ញុំបានដកគាត់ចេញពីការប្រកួតប្រជែងហើយ នោះមានន័យថា យើងប្រកួតប្រជែងតែជាមួយលោកស្រី កាម៉ាឡា ប៉ុណ្ណោះ»។

លោក ត្រាំ បាននិយាយថា វានឹងកាន់តែងាយស្រួលក្នុងការប្រកួតប្រជែងជាមួយលោកស្រី ហារីស ដែលោកចាត់ទុកថា «គួរឱ្យអាណិត»។

កាលពីថ្ងៃទី២៧ ខែមិថុនា ការជជែកដេញដោលប្រធានាធិបតីជាលើកដំបូងនៃរដូវកាលនេះត្រូវបានធ្វើឡើងនៅទីក្រុងអាល់លេនតា រដ្ឋចចជៀ។ សារព័ត៌មាន CNN បាននិយាយថា ការស្ទង់មតិមួយបានបង្ហាញថា អ្នកមើលចំនួន ៦៧% បាននិយាយថា លោក ត្រាំ ធ្វើបានល្អជាង។ សារព័ត៌មាននោះបានកត់សម្គាល់ថា សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនបានចុចប៊ូតុងដោយភាពភ័យស្លន់ស្លោ បន្ទាប់ពីការសម្តែងដ៏អាក្រក់របស់លោក បៃដិន នៅក្នុងការជជែកដេញដោលតាមទូរទស្សន៍មួយនោះ។

សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីរនៅថ្ងៃទី០៥ ខែវិច្ឆិកា។ លោក ត្រាំ បានទទួលសំឡេងគ្រប់គ្រាន់រួចហើយសម្រាប់ការតែងតាំងជាបេក្ខភាពប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed