ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃពុធថា ជាងពាក់កណ្តាលនៃប្រជាជនអាល្លឺម៉ង់ (៥៤%) មិនបានចាត់ទុកថា ការឱ្យប្រទេសអ៊ុយក្រែនចូលរួមជាមួយសហភាពអឺរ៉ុបជាគំនិតល្អនោះទេ។

យោងតាមការស្ទង់មតិនេះ ឱ្យដឹងថា ពាក់កណ្តាលនៃប្រជាជនប៊ុលហ្គារីមានទស្សនៈដូចគ្នាទៅនឹងប្រជាជនអាល្លឺម៉ង់ដែរ ហើយដូចគ្នាទៅនឹងប្រជាជនឆេកចំនួន ៤៨% ប្រជាជនបារាំងចំនួន ៤០% និងប្រជាជនក្រិចចំនួន ៣៩%។ ការស្ទង់មតិនោះបង្ហាញថា ប្រជាជននៅប្រទេសហូឡង់ (៣៦%) ប៉ូឡូញ (៣១%) ស៊ុយអែត (២៨%) អេស្តូនី (២៧%) អេស្បាញ (២៤%) និងព័រទុយហ្គាល់ (២០%) ក៏ប្រឆាំងនឹងការចូលរួមរបស់ទីក្រុងគៀវទៅក្នុងប្លុកនេះដែរ។

ការស្ទង់មតិនេះធ្វើឡើងនៅដើមខែឧសភា ក្នុងចំណោមមនុស្សចំនួន ១៩.៥៦៦នាក់ក្នុង ១៥ប្រទេស ដែលរួម មានទាំងប្រទេសអ៊ុយក្រែនផងដែរ។

កាលពីថ្ងៃទី២៥ ខែមិថុនា រដ្ឋមន្ត្រីការបរទេសប៊ែលហ្ស៊ិក លោក ហាដចា ឡាប៊ីប (Hadja Lahbib) បានប្រកាសថា EU បានបើកកិច្ចចរចាជាផ្លូវការជាមួយអ៊ុយក្រែន។

នៅខែមិថុនា ឆ្នាំ២០២២ សហភាពអឺរ៉ុបបានផ្តល់ឋានៈជាប្រទេសបេក្ខភាពដល់ប្រទេសម៉ុលដាវី និងអ៊ុយក្រែន ដោយកំណត់លក្ខខណ្ឌតឹងរឹងមួយចំនួនសម្រាប់ការចាប់ផ្តើមជាផ្លូវការនៃកិច្ចចរចាចូលជាសមាជិក។

ស្ថានភាពនៃប្រទេសបេក្ខភាពជាសញ្ញានៃការចាប់ផ្តើមកិច្ចចរចា បើទោះបីជាវាមិនផ្តល់សិទ្ធិក្នុងការចូលរួមក្នុងប្លុកនេះដោយស្វ័យប្រវត្តិក៏ដោយ។ ប្រទេសតួកគីបានរង់ចាំដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៩៩ មក ហើយប្រទេសម៉ាសេដូនខាងជើងចាប់ តាំងពីឆ្នាំ២០០៥ ប្រទេសម៉ុងតេណេហ្គ្រោចាប់តាំងពីឆ្នាំ២០១០ និងប្រទេសស៊ែរប៊ីចាប់តាំងពីឆ្នាំ២០១២ មក។ ប្រទេសក្រូអាត គឺជាប្រទេសចុងក្រោយដែលបានចូលរួមនៅក្នុងប្លុកនេះនៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីមានកិច្ចចរចាអស់រយៈពេល ១០ឆ្នាំ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed