(ភ្នំពេញ)៖ អណិកជនខ្មែរ រស់នៅអាមេរិក បាននាំយកថវិកាចំនួន៦,៣៤៣ ដុល្លារ សហរដ្ឋអាមេរិក ទៅចូលរួម យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់ ជួយដល់ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក ខាត់ សាត ប្រធាន ក្រុមការងារ យុវជន ប្រចាំ រដ្ឋតិចសាស់ ព្រមទាំង លោក លោកស្រីថ្នាក់ដឹកនាំ ក្រុមការងារ ទទួលបន្ទុកតាមទីក្រុង នៅសហរដ្ឋអាមេរិក ។
លោក ខាត់ សាត បានបញ្ចាក់ថា តាមការណែនាំ របស់ឯកឧត្តម បណ្ឌិត សូ វិសុទ្ធី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន ក្រុមការងារយុវជន ប្រចាំតំបន់កណ្តាលខាងត្បូង បាននាំយកថវិកា សប្បុរសជន ខ្មែររស់នៅ សហរដ្ឋអាមេរិក មកប្រគល់ជូន មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ហើយថវិកាដែលនាំយកមកប្រគល់នាពេលនេះ គឺរួមមានថវិការបស់លោក ខាត់ ខាតសា និងភរិ យា ព្រមទាំងបុត្រ ចំនួន១០,០០០,០០០រៀល, ថវិកា សប្បុរសជន ខ្មែរ-អាមេរិក រស់នៅទីក្រុង Houston និងទីក្រុង Austin រដ្ឋTexas សហរដ្ឋអាមេរិក ចំនួន ៣,៨៤៦ដុល្លារអាមេរិក។
លោក ក៏បានឲ្យដឹងបន្ថែមដែរថា កន្លងមកសប្បុរសជនខ្មែររស់នៅ សហរដ្ឋអាមេរិក សំខាន់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក បាននាំយកសម្ភារថវិកា ដូចជា កង់ កុំព្យូទ័រ និងសម្ភារសិក្សា ទៅចែកជូនក្មេងៗ ជាសិស្សានុសិស្សដែលមានការខ្វះខាតមួយចំនួន នៅតាមជនបទដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ជាដើម។
លោក បន្តថា អ្វីជាសំខាន់ នៃសកម្មភាពការងារសប្បុរសធម៌ របស់បងប្អូនយើងនៅទីនោះ គឺអនុវត្តតាមការណែនាំ របស់ថ្នាក់ដឹកនាំ ក៏ដូចជាសំណូមពរ ជាក់ស្តែង របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលជួបការលំបាកផងដែរ៕