រុស្ស៊ី និងវៀតណាមបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ខណៈដែលប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាម។

លោក Putin បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីវៀតណាម លោក To Lam នៅពេលធ្វើដំណើរមកដល់ប្រទេសអាស៊ានមួយនេះ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ ចាប់តាំងពីសម័យសង្រ្គាមត្រជាក់។

មេដឹកនាំទាំងពីរត្រូវបានគេរាយការណ៍ថា ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ, ការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

នាឱកាសនោះលោក Lam និងលោក Putin បានចុះ ហត្ថលេខាជុំវិញកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រាប់ចាប់ពីការអប់រំរហូតដល់គម្រោងនុយក្លេអ៊ែរស៊ីវិល។ លោក ពូទីន ប្រាប់អ្នកសារព័ត៌មានថា កិច្ច ពិភាក្សាគ្នាមានលក្ខណៈស្ថាបនា ហើយថា ភាគីទាំងពីរមានជំហរដូចគ្នា ឬជិតស្និទ្ធបំផុតលើបញ្ហាអន្តរជាតិសំខាន់ៗ។

រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់វៀតណាមអស់ជាច្រើនទសវត្សរ៍មកហើយ ដែលស្មើនឹងជាង ៨០ភាគ រយនៃការនាំចូលនៅរវាងឆ្នាំ ១៩៩៥ និង ២០២៣ ប៉ុន្តែការបញ្ជាទិញបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយសារទណ្ឌកម្មអន្តរជាតិ ទាក់ទងនឹងជម្លោះអ៊ុយក្រែនកាន់តែខ្លាំងក្លា។ តួយ៉ាងអាមេរិក, អង់គ្លេស និងសហភាពអឺរ៉ុប សុទ្ធតែបានប្រកាសដាក់ ទណ្ឌកម្មថ្មីកាលពីសប្តាហ៍មុនលើរុស្ស៊ី ខណៈដែល G7 បានយល់ព្រមប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក ដើម្បីផ្តល់ប្រាក់កម្ចីថ្មីចំនួន ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed