លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» រៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី ០២ ខែ មីនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និនាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។

នេះគឺជាលើកទី៥ ហើយនៃការរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដែលជាកម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់សារគន្លឺះសំខាន់ៗ របស់បងស្រី ដែលជាអគ្គស្នងការសមាគម។ ឆ្នាំនេះកម្មវិធីផ្ដោតលើប្រធានបទ «ស្រ្តី និងការងារសង្គម» ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជុំវិញពីភពលោក ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព និងភាពអង់អាចរបស់ស្រ្តី នៅទូទាំងពិភពលោក។

មានប្រសាសន៍នៅលើវេទិកា លោកជំទាវបណ្ឌិតអគ្គស្នងការ បានលើកទឹកចិត្តប្អូនៗយុវតីត្រូវចូលរួមធ្វើកិច្ចការសង្គមឱ្យសកម្ម ព្រោះការងារសង្គមពិតជាផ្ដល់ផលប្រយោជន៍ជាច្រើនដល់យុវតីកម្ពុជារបស់យើង។ លោកជំទាវបានបញ្ជាក់ថា ការងារសង្គម គឺជាការធ្វើការងារជាក្រុម ដែលអាចធ្វើឱ្យប្អូនៗ កសាងសមត្ថភាព និងបណ្ដុះភាពជឿជាក់លើខ្លួនឯង ចេះសាមគ្គីគ្នា និងបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គម។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រទេសមួយរីកច្រើនទៅបានទាល់តែមានការចូលរួមទាំងបុរស និងស្រ្តី ។

នៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ល្អៗ ក្នុងការប្រឡូកការងារសង្គមតាំងពីគ្រាដំបូង ព្រមទាំងបានចែករំលែកនូវសារគន្លឹះសំខាន់៤ចំណុចដល់ប្អូនៗ នៅក្នុងវេទិកា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖  «មិនត្រូវធ្វើរឿងអវិជ្ជមានដល់សង្គមជាដាច់ខាត, ត្រូវខិតខំសិក្សាចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ដើម្បីធ្វើឱ្យខ្លួនមានសមត្ថភាព និងគុណភាពដើម្បីអាចជួយសង្គមជាតិបាន, ត្រូវមានគុណធម៌ សីលធម៌ និងសុជីវធម៌ថ្លៃថ្នូ និងចែករំលែកជួយដល់អ្នកទន់ខ្សោយ, បណ្ដុះគំនិតត្រូវតែស្រលាញ់ជាតិយើង ព្រោះគ្មានជាតិសាសន៍ណាមកស្រលាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ។

គួរជម្រាបជូនថា កម្មវធី «បងស្រី និងប្អូនស្រី» គឺជាផ្នែកមួយនៃសកម្មភាពរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ស្រ្តីទី១របស់កម្ពុជា ជាអគ្គស្នងការ។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សាអប់រំ និងបណ្ដុះនូវភាពជាអ្នកដឹកនាំដល់ពួកគេ។ នេះគឺបេសកកម្មយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *