ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ បានដឹកនាំសមាជិកសមាជិកាដែលជាសមាជិកក្រុមប្រឹក្សាភិបាល សមាជិកសមាជិកាកិត្តិយស ទូតសុឆន្ទៈ សមាជិកសមាជិកាប្រតិបត្តិ និងក្រុមអ្នកស្ម័គ្រចិត្ត ទៅមើលការថែទាំកូនដំរីឈ្មោះ «លំផាត់» នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដើម្បីបង្ហាញនូវក្តីស្រឡាញ់ចំពោះសត្វព្រៃ និងការចូលរួមការពារថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ និងការនាំយកនូវថវិកាដើម្បីចូលរួមទ្រទ្រង់លើការទិញចំណី ជាពិសេសទឹកដោះគោបំបៅកូនដំរីនេះ។
កូនដំរីតូចអាយុប្រមាណ ៥ខែ ដែលបែកពីមេរបស់វាដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ ហើយត្រូវបានជួយសង្រ្គោះ នេះ ត្រូវបានដឹកយកទៅព្យាបាលរបួស និងមើលថែបន្តនៅភ្នំតាម៉ៅ ខេត្តតាកែវ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ កូនដំរីកម្សត់នេះទទួលបានឈ្មោះថ្មីថា «សំណាង លំផាត់»។ វាត្រូវបានបញ្ជូនដល់មជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំតាម៉ៅ នៅខេត្តតាកែវ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ កូនដំរីព្រៃ «សំណាង លំផាត់”» មានអាយុប្រមាណ ៥ខែ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្ស និងក្រុមការងារ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA)នៅឯស្រុកកោះញែក កាលពីល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយវាខំដើរទាំងជើងឈឺមានរបួសបណ្តាលមកពីអន្ទាក់។
សមាជិកសមាជិកាសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ បានបង្ហាញសេចក្តីរីករាយដែលបានឃើញកូនដំរីតូច «លំផាត់» មានសុខភាពល្អ និងស្នាមរបួសជើងជាប់អន្ទាក់នោះបានជាសះស្បើយប្រមាណ ៩០%ហើយ ក្រោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយក្រុមអ្នកថែរក្សាសត្វព្រៃ។ ឯកឧត្តម នេត្រ ភក្ត្រា ត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំធ្វើ«យុទ្ធនាការអន្ទាក់សូន្យ» កាលពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និងផ្តល់ចំណេះដឹងពីផលប៉ះពាល់ដោយសារអន្ទាក់ បានបន្តអំពាវនាវដល់សាធារណជនចូលរួមទប់ស្កាត់អន្ទាក់ ដើម្បីផ្តល់សុវត្ថិភាពមនុស្ស និងសត្វព្រៃ។
ឯកឧត្តមបានថ្លែងថា «អន្ទាក់ជាឃាតកលាក់មុខដែលបានសម្លាប់សត្វព្រៃជារៀងរាល់ថ្ងៃ និងខ្លះបានធ្វើឱ្យសត្វព្រៃពិការចំពោះសត្វខ្លះដែលអាចរួចពីអន្ទាក់»។ ឯកឧត្តមបានបង្ហាញសេចក្តីរីករាយពេលបានឃើញសត្វដំរី«លំផាត់»ត្រូវបានជួយសង្គ្រោះ និងបានទាញសមានចិត្តពីប្រជាពលរដ្ឋ ហើយបានធ្វើឱ្យឃើញកាន់តែច្បាស់ពីគ្រោះថ្នាក់ដោយសារអន្ទាក់គ្រប់ប្រភេទដែលចាំបាច់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សុវត្ថិភាពដល់សត្វព្រៃ៕