កិច្ចពិភាក្សារយៈពេលជាង៦ម៉ោងនៅក្នុងគេហដ្ឋានអគ្គកុងស៊ុលអាមេរិក ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងប្រតិភូអាមេរិក និងប្រតិភូប្រទេសរុស្ស៊ីនោះបានបញ្ចប់ទៅហើយ ។ កិច្ចពិភាក្សានេះក្នុងបំណងស្តារទំនាក់ទំនងផ្នែកការទូតរវាងប្រទេសទាំងពីរឡើងវិញ ខណៈដែលវាបានធ្លាក់ចុះដល់ក្រោមសូន្យ គឺក្រោយពីរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែន។

កាសែតស៊ីនហួចេញផ្សាយថា កិច្ចប្រជុំនេះធ្វើឡើងដោយបិទទ្វាររយៈពេលជាង៦ម៉ោង ហើយគណៈប្រតិភូរបស់ប្រទេសរុស្ស៊ីបានចាកចេញពីទីប្រជុំនោះនៅវេលាម៉ោង៤និង២០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) ។ ពុំទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការរួមណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា កិច្ចពិភាក្សាបានធ្វើឡើងបន្ទាប់ពីមានការយោគយល់គ្នា អំឡុងពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ទូរស័ព្ទមកកាន់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និង ទំនាក់ទំនងរវាង មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ី និងសហរដ្ឋអាមេរិក និងមន្ត្រីផ្សេងទៀតនៅអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា នៅមុននោះ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញនូវ “ក្តីសង្ឃឹម” លើការរំពឹងទុករបស់រុស្ស៊ីក្នុងការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញ ខណៈដែលប្រទេសទាំងពីរបានបញ្ជូនអ្នកការទូតទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាស្តីពីការធ្វើឱ្យមានដំណើរការធម្មតានៃស្ថានទូតរៀងៗខ្លួននៅក្នុងរដ្ឋធានីរបស់គ្នាទៅវិញទៅមក។

ថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅក្នុងកិច្ចប្រជុំស្តីពីសេវាសន្តិសុខសហព័ន្ធ លោក ពូទីន បានសាទរចំពោះរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់ “ការអនុវត្តជាក់ស្តែង និងទស្សនៈជាក់ស្តែង” ដោយពណ៌នាអំពី “អារម្មណ៍ទៅវិញទៅមក” ដើម្បីកំណត់ទំនាក់ទំនងឡើងវិញ និងដោះស្រាយ “បញ្ហាជាប្រព័ន្ធ និងយុទ្ធសាស្ត្រ … នៅក្នុងស្ថាបត្យកម្មសន្តិសុខពិភពលោក” ៕ ប្រែសម្រួលដោយៈ ថាច់ យ៉ាត

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *