ខេត្តព្រះសីហនុ÷នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅចំនុចផ្លូវដែក ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបណ្ដាល ឲ្យបុរសម្នាក់ដាច់ជើងម្ខាង។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងរដ្ឋបាលប៉ុស្ដិ៍សហការជាមួយកម្លាំងជំនាញចរចរាណ៍ និងសណ្ដាប់ ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះទៅដល់ទៅតាំងកន្លែងកើតហេតុបានពិនិត្យឃើញថា នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ១ រំលងអាធ្រាតលើដងផ្លូវដែក ស្ថិតនៅភូមិ/ឃុំកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដោយអ្នក ថ្មើរជើង ឈ្មោះ សុក មី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដើរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចខាងលើ បានដេកគងជើងខាងឆ្វេងនៅលើផ្លូវដែក។ ក្រោយមកមានរថភ្លើង ១ខ្សែរ មិនស្គាល់ម៉ាកមិនច្បាស់ទិសដៅ និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានកិនជើងខាងឆ្វេងរបស់អ្នកថ្មើរជើងកំពុងដេកក្បែរ ផ្លូវដែកនោះតែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យ អ្នក ថ្មើរជើងរងរបួសដាច់ជើងខាងឆ្វេងធ្ងន់។ បច្ចុប្បន្ន ជន រងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ចំណែកអ្នកបើកបររថភ្លើងបានបន្ដដំណើរទៅមុខបាត់ ដោយមិនបានឈប់នៅកន្លែងកើតហេតុឡើយ៕ 

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *