(ខេត្តកណ្តាល ) ÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជននិងបណ្តាញសារព័ត៌មានទៅនឹងផេក ហ្វេសប៊ុកឈ្មោះ Video Funny ដែលបានបង្ហោះវីដេអូ ករណីបុរសជនជាតិចិនម្នាក់ បានព្យាយាមលោតចេញ ពីរថយន្តម៉ាក Prius ពណ៌ក្រហម អមដោយខ្លឹម សារថា៖ (ព័ត៌មានបឋម) នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ យើងមិនទាន់ដឹងថានេះជាករណីអ្វីឱ្យពិត ប្រាកដនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២:៣០នាទី ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានធ្វើការស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម៖
-ករណី៖ ចាប់ជំរិតទារប្រាក់
-កើតហេតុ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង១០នាទី
-ចំណុច៖ ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
**ជនរងគ្រោះ ០១នាក់ ឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EN6418573 មានសុពលភាពលិខិតឆ្លងដែន ២៣. ០១.២០៣៥ សុពលភាពទិដ្ឋាការ ០២.០៤.២០២៥។

**ជនសង្ស័យចំនួន ០៤នាក់
-ជនជាតិខ្មែរ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស។
**ផលប៉ះពាល់
-បាត់ វ៉ាលីដាក់ខោអាវ ០១និងបាត់ទូរសព្ទ ០១គ្រឿង។

នៅអំឡុងឆ្នាំ២០១៦ ឈ្មោះ LIU SEN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន បានចាកចេញពីប្រទេសចិន ទៅរស់នៅប្រទេសអូស្រ្តាលី ដើម្បីប្រកបរបររកស៊ីលក់កញ្ចក់រថយន្តនៅទីនោះ ដែលមានជនជាតិអូស្រ្តាលី ភេទប្រុស ជាដៃគូរកស៊ីត្រូវជាមិត្តភក្តិរបស់ខ្លួន។ នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ LIU SEN បានស្គាល់ ឈ្មោះ FENG ZHIYE ភេទប្រុស ជនជាតិចិន តាម រយៈឈ្មោះ WANG JIANWEI ភេទប្រុស ជនជាតិចិន ដែលជាមិត្តភក្តិជិតស្និតបានណែនាំ។ ឈ្មោះ LIU SEN បានទាក់ទងជាមួយឈ្មោះ FENG ZHIYE បានរយៈ ពេល០៣ខែ ដោយឈ្មោះនេះបានព្យាយាមពន្យល់និងលួងលោមឈ្មោះ LIU SEN ឱ្យមករកស៊ីនៅប្រទេសកម្ពុជា ដោយឈ្មោះ FENG ZHIYE បានប្រាប់ថា ខ្លួននឹងបើកក្រុមហ៊ុនរកស៊ីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ តែមិនទាន់ប្រាប់ថារកស៊ីអ្វីនោះទេ និងសន្យាថាឱ្យឈ្មោះ LIU SEN ឈរឈ្មោះជាតំណាងក្រុមហ៊ុន និងទទួលបានភាគលាភជាប្រចាំខែ។ ដោយមូលហេតុឈ្មោះ WANG JIANWEI ដែលជាមិត្តភក្តិជិតស្និតបានណែនាំ និងបានប្រាប់ថា ឈ្មោះ FENG ZHIYE ជាមនុស្សគួរឱ្យទុកចិត្តបាន ហើយឈ្មោះ FENG ZHIYE បាននិយាយលួងលោមបន្ថែមទៀតនោះ ទើបឈ្មោះ LIU SEN សម្រេចចិត្តមកប្រទេសកម្ពុជា។

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២២និង ៥០នាទី ឈ្មោះ LIU SEN បានចាកចេញពីប្រទេសអូស្រ្តាលី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១ តាមច្រកអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។ នៅពេលមកដល់ ឈ្មោះ LIU SEN បានទាក់ទងទៅឈ្មោះ FENG ZHIYE ហើយឈ្មោះនេះក៏បានរៀបចំរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5042 ដោយមានអ្នកបើកបរជាជនជាតិខ្មែរម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស បានមកយកឈ្មោះ LIU SEN ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅជួបជនជាតិចិនម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ដែលជាដៃគូរកស៊ីរបស់ឈ្មោះ FENG ZHIYE ។

នៅពេលធ្វើដំណើរដល់ចំណុចមួយ នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្បែរស្ពានអាកាសផ្លូវជាតិលេខ២ ក៏មានបុរសជនជាតិខ្មែរចំនួន០៣នាក់ ឈរចាំនៅលើចិញ្ចើមផ្លូវក្នុងចំណុចខាងលើ ហើយបានលើកដៃហៅ ពេល នោះអ្នកបើករថយន្តបានឈប់ចតឡាននៅលើចិញ្ចើមផ្លូវនោះ ស្រាប់តែបុរសជនជាតិខ្មែរទាំង០៣នាក់នោះ បានរត់ឡើងលើរថយន្តដោយបុរសជនជាតិខ្មែរចំនួន ២នាក់ បានចាប់ដៃឈ្មោះ LIU SEN ទាំងសងខាង និងម្នាក់ទៀតបានធ្វើការសង្កត់ពីលើដោយបានចាប់ក ព្រមទាំងបានប្រើអំពើហិង្សា នឹងដកហូតយកទូរសព្ទរបស់ឈ្មោះ LIU SEN ទៀតផង។

នៅពេលនោះ ឈ្មោះ LIU SEN បានរើបម្រាស់តបត ជាមួយបុរសជនជាតិខ្មែរទាំង០៣នាក់នោះ និងបានចុចបើកកញ្ចក់រថយន្ត ដោយព្យាយាមគេចខ្លួនតាមបង្អួច ហើយក៏បានធ្លាក់ពីលើរថយន្តតែម្តង។ នៅពេលដែលឈ្មោះ LIU SEN គេចខ្លួនបានសម្រេច ខ្លួនក៏បានរត់ចូលហាងបាយមួយកន្លែងដើម្បី ឱ្យប្រជាពលរដ្ឋជួយ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចមកដល់និងបាននាំខ្លួនមកសាកសួរតែម្តង។

ចំណាត់ការបន្ត គឺកម្លាំងជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ និងម្ចាស់រថយន្តខាងលើ យកមកចាត់ការតាមនីតិវិធី៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *