(ភ្នំពេញ ) ÷ការសុំទោស របស់MC Vuththa មិនទាន់គ្រប់គ្រាន់នៅឡើយទេ ខណៈអ្នកលើកស្លាកទឹកនៅក្នុងកម្មវិធីប្រដាល់ និងជាតារាសម្ដែងដ៏ល្បីមួយរូប កញ្ញា មុនីរស្មី មិនទាន់លើកលែងឱ្យនោះទេ។
ករណីនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ Monireaksmey បានសរសេរសារកាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ថា នាងខ្ញុំ មុនីរស្មី ដែលជា ម៉ូដែលនៅក្នុងវីដេអូដែលពុកម៉ែបងប្អូនបានឃេីញ។
នាងខ្ញុំមកទីនេះ ដេីម្បីអរគុណពុកម៉ែបងប្អូន មិត្តរួមការងារ មហាជន ទាំងអស់ដែលបានបញ្ចេញមតិ និងបង្ហាញនូវក្តីស្រលាញ់មកចំពោះនាងខ្ញុំ។ ក្តីស្រលាញ់រាប់អាន ការផ្ញេីសារលេីកទឹកចិត្តរបស់បងប្អូន បានជួយសម្រាលការខូចចិត្ត និងសេចក្តីខ្មាសអៀនរបស់ខ្ញុំច្រេីន នាងខ្ញុំពិតជាអរគុណនូវទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។
ការនិយាយបៀតបៀនជាសាធារណៈ និងការសុំទោសតាមវីដេអូ មករូបនាងខ្ញុំ ដែលមាននូវអត្ថន័យ ទទួល កំហុសរបស់ពិធីករដែលខ្ញុំមិនសូវស្គាល់ដែរនោះ នៅមានលក្ខណៈមិនពេញលេញ នៅចំនុចខ្លះ។ មិនសំពះ សុំទោស ឥរិយាបថមិនចេញពីចិត្ត (អាចប្រហែលគាត់គិតថា ខ្ញុំដូចជាឈ្មោះ រស្មី ហ្នឹង មានអាយុ តិចជាង) តែកន្លែងគាត់គួរច្បាស់ជាងនេះ គឺ ខ្ញុំ និងគាត់ ខ្មែរដូចគ្នា ហេីយគាត់បាននិយាយបៀតបៀនខ្ញុំជាស្រី។ ខ្លឹមសារនៅក្នុងវីដេអូ គឺខុសពី admin ដែលផុស ច្រេីនជាងការនិយាយបៀតបៀន មានន័យថា គាត់ នៅចាត់ទុកថា វាគឺជាការនិយាយលេងសេីច ដដែល÷
– មិនបានបញ្ជាក់ថា ឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និងក្មេងស្រី មិនបញ្ជាក់ថា ខ្លួនមិនត្រូវនិយាយបៀតបៀនចំពោះបុគ្គលណាក៏ដោយ (មិនមែនត្រឹមខ្ញុំមនុស្សគាត់មិនស្គាល់ទេ គឺ ក្មេងចាស់ប្រុសស្រី ភេទណាក៏ដោយ សុទ្ធតែមិនត្រូវ មិនស័ក្កិសមឲ្យមានការបៀតបៀន តាមគ្រប់រូបភាព)។
នៅមានចំនុចផ្សេងទៀត តែមិនដឹងនិយាយពីណាទៅណាឲ្យសម ព្រោះមិនចង់រំលឹកនូវពាក្យដែលនាងខ្ញុំទទួលបានពីគាត់ និងមជ្ឈដ្ឋានរបស់គាត់ឡេីងវិញ។ នាងខ្ញុំបានតាំងចិត្តមកសរសេរនៅទីនេះដំបូង និងតែម្តងគត់ សម្រាប់រឿងរ៉ាវដែលបានកេីតឡេីងនេះ ព្រោះមិនចង់និយាយច្រេីន គិតច្រេីន តែក៏មានចិត្តមួយទៀតថា ខ្ញុំក៏មិនត្រូវអនុញ្ញាតឲ្យសកម្មភាពបែបនេះកេីតឡេីងទៀតចំពោះនាងខ្ញុំ ឬបុគ្គលណាម្នាក់បន្តទៀតឡេីយ។
តេីនាងខ្ញុំគួរធ្វេីបែបណា? តេីវីដេអូសុំទោសរបស់គាត់មួយនោះ គ្រប់គ្រាន់ឲ្យនាងខ្ញុំលេីកលែងឲ្យគាត់ទេ? តេីស្ត្រី និងក្មេងស្រីដែលជួបបញ្ហា ដូចឬស្រដៀងនឹងនាងខ្ញុំ គួរធ្វេីបែបណា រកអ្នកណា ដែលអាចជួយគាំទ្រ និងដោះស្រាយឲ្យនាពេលដែលអាចកេីតឡេីងលេីកក្រោយទៀត? តេីអ្នកដែលមានម្តាយ ប្រពន្ធ បងប្អូនស្រី មិត្តស្រី ក៏នៅតែអាចមិនយល់ពីការផ្តល់តម្លៃស្ត្រីមែនទេ? តេីស័ក្កិសមទេ ដែលមនុស្សស្រី ត្រូវបានកំណត់ដោយទស្សនៈផ្សេងៗ ថាខ្សោយ ឬថា ជាទេសភាពសម្រាប់ទស្សនា ដូចដែលពាក្យពិធីករថា បានឃេីញហេីយ (ក្តក់មាត់) មនុស្សប្រុសយេីងអាយុវែងនោះ?
មតិយោបល់ និងដំបូន្មានរបស់បងប្អូន ពិតជាមានន័យណាស់សម្រាប់នាងខ្ញុំ ជាពិសេស ស្ត្រី និងក្មេងស្រី គ្រប់រូប៕