(កំពង់ស្ពឺ) ៖ ក្រោយមានការណែនាំពីរដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរក្រុងច្បារមនជាលើកទី២ បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារកញ្ច្រែង តាមមាត់ស្ទឹងព្រែកត្នោតបានយល់ព្រមរុះរើតូបចាកចេញដោយស្ម័គ្រចិត្ត ដើម្បីទុកទីតាំងមាត់ស្ទឹងនោះឱ្យអាជ្ញាធរក្រុងរៀបចំសួនច្បារ និងដាំដើមត្នោតលើកកម្ពស់សោភណ្ឌភាពខេត្តឡើងវិញ ។ នេះបើយោងតាមការឱ្យដឹងពី លោក ទឹម ផានូ អភិបាលក្រុងច្បារមន ក្នុងឱកាសចុះពិនិត្យ ការរុះរើសំណង់តូបនៅសេសសល់ចាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ទឹម ផានូ បានឲ្យដឹងថា ក្រុមអាជីវករបានចាកចេញដោយស្ម័គ្រចិត្ត និងខ្លះបានរុះរើសំណង់ដោយខ្លួនឯង ហើយខ្លះក៏ទុកសំណង់ចោល ដើម្បីឱ្យអាជ្ញាធរក្រុងជាអ្នករុះរើចំនួន ១៣០តូប។ ដោយជំហានដំបូង អាជ្ញាធរត្រូវរុះរើ និងបើកការដ្ឋានឈួសឆាយ រៀបចំសួនច្បារ និងដាំដើមត្នោតឱ្យដូចទៅនឹងមាត់ស្ទឹងម្ខាងទៀត នៅមុខសាលាខេត្ត។
លោកបន្ថែមថា អាជ្ញាធរក្រុងច្បារមននឹងចុះចាត់វិធានការចំពោះម្ចាស់ផ្ទះដែលអនុញ្ញាត និងជួលមុខផ្ទះឱ្យទៅអាជីវករលក់ដូរលើដីរដ្ឋ ឬដីសាធារណៈរបស់រដ្ឋបង្កភាពអាណាធិបតេយ្យ តែក្នុងនោះលោកក៏បានបញ្ជាក់ផងដែរថា បើការលក់ដូរស្ថិតនៅក្នុងផ្ទះរបស់ខ្លួនមិនហៀរមកខាងក្រៅលើសពី១,៥០ម៉ែត្រនោះមិនអីទេ។
លោកអភិបាលក្រុងច្បារមន បានបញ្ជាក់ថា ចំពោះអាជីវករដែលលក់ដូរនៅចំណុចរង្វង់មូលដើមលាភ អាជ្ញាធរនឹងចុះណែនាំពីការមិនអនុញ្ញាតឱ្យលក់បន្ត ហើយត្រូវរើទៅកាន់ទីតាំងថ្មីដែលអាជ្ញាធរខេត្ត និងក្រុង បានរៀបចំជាស្រេច។ រង្វង់មូលដើមលាភនេះ អាជ្ញាធរនឹងធ្វើការរៀបចំឱ្យក្លាយជាសួនប្រណិតមួយដែលចូលរួមលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តបានមួយកម្រិត ទន្ទឹមនោះក៏រៀបចំទីតាំងរង្វង់មូលនេះឱ្យទៅជាផ្លូវតែមួយ(one way)ជុំវិញផ្សារកំពង់ស្ពឺ ដើម្បីកាត់បន្ថយការមម៉ាញ៉ឹក និងកកស្ទះចរាចរ។
លោក ទឹម ផានូ បានរំពឹងថា ប្រជាពលរដ្ឋដែលមានផ្ទះស្ថិតនៅទីតាំងខាងលើ និងអាជីវករដែលបាននិងកំពុងលក់ដូរលើសួនដើមលាភចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីផ្តល់លទ្ធភាពឱ្យអាជ្ញាធរ ធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពក្រុងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា អាជ្ញាធរបានរៀបចំទីតាំងផ្សារថ្មីសម្រាប់អាជីវករ ដែលរើពីផ្សារមាត់ស្ទឹង និងរង្វង់មូលដើមលាភដោយមិនមានការយកថ្លៃតូបរយៈពេល២ឆ្នាំ ដើម្បីសម្រួលដល់ជីវភាពរបស់អាជីវករទាំងអស់នោះផងដែរ៕