(សេអ៊ូល)៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃពុធ ទី១៥ ខែមករានេះថាប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ ក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។
អាជ្ញាធរមានសមត្ថកិច្ចកំពុងដឹកនាំការស៊ើបអង្កេតលើលោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីការ ដឹកនាំសកម្មភាពបះបោរពាក់ព័ន្ធនឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅដោយបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ក្រុមអ្នកស៊ើបអង្កេតបានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃនេះ (ថ្ងៃទី១៥ ខែមករា) នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)»។
តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ ប៉ូលិស និងក្រុមអ្នក ស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០ នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះជាលើកទី២។ មុនពេលការចាប់ខ្លួន មេធាវីរបស់លោក Yoon បាននិយាយថាលោកប្រធានាធិបតីនឹងយល់ព្រមបង្ហាញខ្លួននៅឯការិយាល័យរបស់ក្រុមអ្នកស៊ើបអង្កេត ប្រសិនបើកងកម្លាំងដកថយចេញពីនិវេសនដ្ឋាន។ តែក្រោយចាប់ខ្លួន មេធាវីរបស់លោក Yoon បានអះអាងថាការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតីគឺជាទង្វើខុសច្បាប់ និងមានចេតនាបំបាក់មុខ រូបលោកជាសាធារណៈ៕