ខេត្តមណ្ឌលគិរី ៖ មុខសញ្ញាលួចយ៉ាងសកម្មនិងអ្នក ទទួលផលចោរកម្ម រួមជាមួយអាវុធកែច្នៃជាច្រើន ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងនគរបាលខេត្តនាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញមុខសញ្ញាលួចសកម្ម ដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំនុចឃុំស្រែខ្ទុមនិងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន) ភ្លាមៗសមត្ថកិច្ចឃាត់ខ្លួន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។
ក្រោយសួរនាំរួចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំនុចភូមិ/ឃុំខាងលើជាច្រើនលើកពិតប្រាកដមែនហើយបានយកទៅលក់ឱ្យឈ្មោះ ហ៊ីម វីរ៉ា(ហៅម៉ាប់)មានអាសយដ្ឋានភូមិរហារ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ចំនួន០៣ម៉ូតូ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ បន្តថា ក្រោយពីការ ស្រាវជ្រាវ និងបានចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផែនការនគរបាលព្រហ្មទណ្ឌបានការសម្របសម្រួលដោយ លោក អ៊ាង សុគុន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការពន្លាតដែនដី និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ចុះដល់ចំនុចដែលសង្ស័យថា ជាទីតាំងទទួលផលចោរកម្មនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ទៀត ១/ឈ្មោះ ហ៊ីម វីរ៉ា(ហៅម៉ាប់) ២/ឈ្មោះ ភឿន ញេន ៣/ឈ្មោះ សេង ម៉ាប់(ហៅតាកូរ៉េ) ។
ក្នុងករណីលួច និងទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់ខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូ Yamaha Exenter ចំនួន០១គ្រឿង ម៉ូតូ Honda wave អាល់ហ្វាចំនួន០១គ្រឿង ទូរស័ព្ទដៃ ចំនួន០២ គ្រឿង ម៉្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ធំល្មម និង០៨កញ្ចប់តូច កាំភ្លើងកែ ច្នៃ(ប្រើហ្គាស) ចំនួន០៤ដើម ដាវចំនួន០៣ដើម ពូថៅចំនួន០៣ កាំបិតផ្គាក់ ចំនួន០២ដើម។
បច្ចុប្បន្នជនសង្ស័យដែលបានឃាត់ខ្លួនចំនួន៤នាក់ និងវត្ថុតាងពាក់ព័ន្ធត្រូវបានកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕