ថៃ ៖ យន្តហោះមួយគ្រឿងបានធ្លាក់ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងបាងកក ប្រទេសថៃប្រហែល១០នាទី ដែលមានការរាយការណ៍ថានៅលើយន្តហោះនោះមានផ្ទុកមនុស្សទាំងអស់ ៩នាក់រួមទាំងអ្នកដំណើរ និងអ្នកបើកបរផងដែរ។
យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា យន្តហោះ Cessna Caravan C208 ដំណើរការដោយក្រុមហ៊ុន Thai Flying Service បានហោះចេញពីអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២ និង ៤៦ នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Ko Mai Chee ក្នុងខេត្តត្រាត។
យន្តហោះបានបាត់ការទាក់ទងនៅម៉ោងប្រហែល៣ រសៀល ហើយបានកំណត់ថានឹងមានបញ្ហានៅម៉ោង ៣:1១៨រសៀល។ ក្នុងនោះមានមនុស្ស៩នាក់ក្នុងនោះមាន អ្នកដំណើរ ចិន ៥នាក់ អ្នកដំណើរ ថៃ ២នាក់ និងអាកាសយានិកថៃ២នាក់ ។
យោងតាមសារព័ត៌មានថៃ ឲ្យដឹងថា ក្រុមជួយ សង្គ្រោះ បានរកឃើញថា បំណែកយន្តហោះដែលត្រូវបានរកឃើញធ្លាក់នៅតំបន់ វាលភក់ ព្រៃកោងកាង ក្នុងខេត្ត Chachoengsao ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបាននិយាយថា បន្ទាប់ពីការស្រាវជ្រាវប្រហែលមួយម៉ោង ក្រុមជួយសង្គ្រោះពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សនៅលើយន្តហោះថាស្លាប់ ឬរស់នៅឡើយទេ។
អត្តសញ្ញាណអ្នកនៅលើយន្តហោះមិនត្រូវបានគេបញ្ចេញនៅពេលនេះទេ។ មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕