(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោក កែ សុវណ្ណ អនុរដ្ឋលេខាធិការ បានទទួលជួបលោកស្រី សារ៉ា មីងការ៉ា ទីប្រឹក្សាពិសេសទទួលបន្ទុកសិទ្ធិជនមានពិការភាពអន្តរជាតិនៃការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីស្តីការក្រសួង ។
នៅក្នុងជំនួប ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។
នៅក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ វឌ្ឍនភាពអំពីការអនុវត្តច្បាប់ជាតិស្ដីពីជនមានពិការភាព និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនមានពិការភាព ។
រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវផែនការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលជួយសម្រួលដល់ការចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ។
លោកស្រី សារ៉ា មីងការ៉ា បានថ្លែងអំណរគុណចំពោះលោកអនុរដ្ឋលេខាធិការ ដែលបានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយសហរដ្ឋអាមេរិករីករាយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបន្ថែមលើការលើកកម្ពស់សិទ្ធិជនមានពិការ ភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងយន្តការអាស៊ាន ៕