(ខេត្តកំពង់ស្ពឺ)៖ នាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងហិរញ្ញវត្ថុគ្រោងធ្វើការកំទេចចោលនូវទំនិញដែលគ្មានការទាមទារខូចគុណភាពប្រមាណជាង៦០០តោន មកពី១០ ទីតាំងផ្សេងគ្នា នៅក្នុងខេត្តកំពង់ស្ពឺ នេះបើយោងតាមការឱ្យដឹងរបស់ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំសុំគោលការណ៍ពីអាជ្ញាធរខេត្ត ដើម្បីរៀបចំកំទេចចោលនៅទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាយកដ្ឋានបានសម្រេចធ្វើការកំទេចចោលនូវទំនិញដែលគ្មានការទាមទារ និងខូចគុណភាពចំនួន១២៣មុខស្មើនឹង៦៥០,៤៧២ គីឡូក្រាម។ ទំនិញទាំងនេះគឺជាទំនិញ ដែលមន្ត្រីជំនាញគយ និងរដ្ឋាករបង្ក្រាបបាននៅតាមបណ្តាខេត្តក្រុងនានា កាលពីពេលកន្លងមក។ ហើយទំនិញទាំងនោះចែកជា៥ប្រភេទ រួមមាន ទី១- បារីចំរុះម៉ាក និងធាតុផ្សំ៤១មុខ ស្មើនឹង១៣២,៩០២គីឡូក្រាម។ ទី២-ថ្នាំកសិកម្ម និងសារធាតុគីមី១៣មុខស្មើនឹង១១០,៦៤៦គីឡូក្រាម។ ទី៣-ភេសជ្ជៈនិងចំណីអាហារ២០មុខស្មើនឹង១៤៤,៩៧៤គីឡូក្រាម ទី៤-សំណល់ផ្លាស្ទិក កៅស៊ូក្រាលថ្នល់និងអាគុយប្រើរួច៩មុខស្មើនឹង១៧៧,៧១៥គីឡូក្រាម និងទី៥-សម្ភារៈប្រើប្រាស់និងទំនិញផ្សេងៗ៤០មុខ ស្មើនឹង៨៤,២៣៥ គីឡូក្រាម។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងថា÷ អាជ្ញាធរ និងចូលរួមសម្រួលដល់ការងារកំទេចនេះ ប៉ុន្តែសុំឱ្យមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមពិនិត្យវាយតំលៃនិងញែកឱ្យដាច់រវាងទំនិញ និងផលិតផលដែលមានផលប៉ះពាល់ខ្ពស់ដល់មនុស្ស សត្វ បរិស្ថាន និងរុក្ខជាតិ។ ជាមួយនោះត្រូវរកឱ្យឃើញថា តើទំនិញឬផលិតផលណាមួយត្រូវកិនកំទេច កប់ និងដុតបំផ្លាញ ដើម្បីជៀសវាងនូវផលប៉ះពាល់ខាងលើ។

ជាមួយនោះលោកក៏បានណែនាំដល់មន្ត្រីជំនាញគយ និងរដ្ឋាករ ត្រូវពន្លឿនការរៀបចំនិងកំណត់ពេល វេលាកំទេចឱ្យបានច្បាស់លាស់ ពិសេសត្រូវបង្កើតគណកម្មការរួមមួយរវាងអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងគយដើម្បីឱ្យដំណើរការរៀបចំប្រព្រឹត្តទៅបានដោយរលូននិងទទួលបានប្រសិទ្ធិភាពខ្ពស់ ហើយជាងនេះក៏ត្រូវគិតគូឱ្យបានគត់មត់នូវផលប៉ះពាល់នានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលធ្វើដំណើរទៅលេងកម្សាន្តតាមរមណីយដ្ឋានធម្មជាតិក្នុងស្រុកមួយនេះផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed