(បាត់ដំបង) ៖ ទឹកស្ទឹងសង្កែក្រុងបាត់ដំបងបានទ្បេីងដល់កម្រឹតប្រកាស់អាសន្នហេីយ។ សូមបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីថ្ងៃទី២៩/៧/២០២៤នេះ សកម្មភាពរបស់កងកម្លាំងផ្នែកសឹករងក្រុងបាត់ដំបងបានចុះជួយប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់ ដែលនៅជាប់តាមបណ្តោយស្ទឹងសង្កែ។ ទីណាមានការលំបាកទីនោះ ត្រូវតែមានពួកខ្ញុំជានិច្ច ។
រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្ដេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង មានកម្ពស់ ១៣,១០ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយ ចំពោះកម្រិតទឹកដែលត្រូវប្រុងប្រយ័ត្នខ្ពស់ស្ថិតនៅកម្ពស់ ១៣,៥០ម៉ែត្រ និងកម្រិតទឹកដែលត្រូវប្រកាសអាសន្ន នៅកម្ពស់ ១៤,៥០ម៉ែត្រ។ ទន្ទឹមនេះដែរ រវាងទឹកពហុបំណងបាត់ដំបង បានចាប់ផ្ដើមស្រុកជាបណ្តើរៗហើយ ប៉ុន្តែទឹកនៅស្ទឹងសង្កែនឹងមានការកើនឡើងតិចតួចដោយសារទឹកសល់ជំរុញមកពីផ្នែកខាងលើ បន្ទាប់មកទឹកស្ទឹងសង្កែនឹងបន្តស្រុកចុះវិញ។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាំមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវ សម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។
ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។
អាស្រ័យដូចបានជម្រាបជូននេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ ពេលវេលា៕