(ខេត្តព្រៃវែង) ៖ចៅក្រមចេញដីកាឃុំខ្លួន លោកវរៈសេនីយ៍ត្រី យ៉ែម រ៉ាន់យ៉ា មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអ្នកលឿង ដាក់ពន្ធនាគារ ពីបទជួញដូរ-ចាត់ចែង និងប្រើប្រាស់គ្រឿងញៀន ។
សូមរំលឹកផងដែរថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ខេត្តព្រៃវែងនិងបក្ខពួកជាមេក្លោងជួញដូរគ្រឿងញៀន និងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ អាយុ៤២ឆ្នាំ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវនិងអង្កេតឃើញថា ជាមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ហើយជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រួមជាមួយបក្ខពួក សរុបចំនួន៨នាក់។
ក្រោយចាប់ខ្លួនកម្លាំងនគរបាលជំនាញបានបញ្ជូនទៅ សាលាដំបូងខេត្តព្រៃវែង ដើម្បីផ្ដន្ទាទោសតាមច្បាប់។ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អៀ ហាំឡេង ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារពីបទ «ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនដែលចេញដោយលោក អៀ ហាំងឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ព្រៃវែង ដែលទាក់ទងនិងជនត្រូវចោទ៖ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ កម្រិតវប្បធម៌៖ថ្នាក់ទី១២ មុខរបរជាមន្ត្រីនគរបាល មានទី កន្លែងកំណើត និងទីលំនៅ បច្ចុប្បន្ននៅភូមិ០៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ជននោះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ជួញដូរ, ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហាងKTV ផ្កាកុលាប ស្ថិតនៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្ត ព្រៃវែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា៤២
និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ២០៦ ដស.ព្រទ/២៤ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ហេតុដូច្នេះចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែងសម្រេច បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឱ្យបាន ត្រឹមត្រូវតាមនីតិវិធីនៃច្បាប់ ៕