(ស្វាយរៀង) ៖យ៉ាងហោចណាស់មាន កម្មការនី ម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង១០នាក់ផ្សេងទៀត ខណៈកំពុងឈរត្រូវរថយន្តដឹកកម្មកបុកក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសតស្រុកស្វាយទាប ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់នេះបានកើតឡើងកើតឡើងនៅវេលាម៉ោង០៤និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា ស្វាយរៀង រីសត ក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
បើតាមសន្តិសុខយាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសត បានឲ្យដឹងថា សពនារីរងគ្រោះ ឈ្មោះ រឿន ពីសី អាយុ១៧ឆ្នាំ មានទីលំនៅភូមិអង្គសិលា ឃុំសង្កែស្រុករំដួល ហើយអ្វីគួរឲ្យអាណិតទៀតនោះ គឺនារីរងគ្រោះទើបតែភ្ជាប់ពាក្យបាន០៣ខែ និងមានគម្រោងរៀបអាពាហ៌ពិពាហ៌ នៅប៉ុន្មានខែខាងមុខនេះ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញបងប្អូនកម្មករ-កម្មការិនី ប្រមាណជា២០ ទៅ៣០នាក់ កំពុងឈរ ចាំរថយន្ត ជិះត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានរថយន្តដឹកកម្មករ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3E-0377 ពណ៌លឿង បើកបរក្នុងល្បឿនលឿន បានបុកពន្នូតកាត់ថ្នល់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសត ហោះផ្លោង រេចង្កូតឡើងលើចិញ្ចើមថ្នល់ បុករះទៅលើកម្មករ-កម្មការនី ដែលកំពុងឈរចាំរថយន្ត ដើម្បីជិះត្រឡប់ទៅផ្ទះវិញ បុកហើយកិនពីលើនារីម្នាក់ជាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅខាងក្រោមរថយន្ត និងបុករះកម្មករ-កម្មការនី ប្រមាណជាង១០នាក់ផ្សេងទៀត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល តែម្តង ។
ប្រភពដដែលអោយដឹងទៀតថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ថៅកែរបាន ដាក់បទបញ្ជា មិនអនុញ្ញាតឲ្យអ្នកបើកបររថយន្ត ដឹកកម្មករគ្រប់ប្រភេទ បើកបរក្នុងល្បឿនលឿនទេ បើអ្នកបើកបររថយន្តណាម្នាក់ បើកបរលឿន ត្រូវចាប់ផាកពិន័យ ក៏ប៉ុន្តែមុនពេលកើតហេតុ មានភ្លៀងកំពុងធ្លាក់ផង ស្រាប់តែជនបង្ក បានបើករថយន្ត ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន បានបុកពន្នូតកាត់ថ្នល់ ក៏ហោះធ្លោឡើង រេចង្កូតទៅខាងឆ្វេង បុករះកម្មករ-កម្មការិនី ដែលកំពុងឈរលើចិញ្ចើមផ្លូវ រង់ចាំរថយន្តជិះត្រឡប់ទៅផ្ទះ បង្កឲ្យស្លា.ប់និងរបួសតែម្តង ។ ចំណែកអ្នកបើកបររថយន្ត បានបុកជាប់នៅក្នុងកាប៊ីនរថយន្ត រងររបួសធ្ងន ។
ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសាម៉ុយ ដឹកអ្នករបួសទៅមន្ទីរពេទ្យជីភូ ខ្លះទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ហើយអ្នកខ្លះ ដឹកតាមម៉ូតូ ទៅមន្ទីរពេទ្យស្រុកស្វាយទាប ដើម្បីសង្គ្រោះ ។
ចំណែកសពនារីរងគ្រោះ សមត្ថកិច្ចបានដឹកតាមរថយន្ត យកទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
ក្នុងពេលនោះដែរ សមត្ថកិច្ចសាកសួរចម្លើយអ្នកបើកបររថយន្តបង្ក ជននោះឆ្លើយថា រថយន្តដាច់ហ្វ្រាំង។
ទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យបច្ចេកទេសរថយន្ត យ៉ាងណានោះ រង់ចាំនៅពេលក្រោយ ។ រថយន្តខូចខាតធ្ងន់ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីដោះស្រាយតាមច្បាប់ ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានបឋមថា មូលហេតុបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ៕