ភ្នំពេញ ៖ កម្លាំងមានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបំបែកសំណុំរឿង ច្របាច់កសម្លាប់សង្សារខ្លួន ព្រោះភ្លើងប្រច័ណ្ឌនៅខណ្ឌ ទួលគោកដោយជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្ត សៀមរាប។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនដៃ ដល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មសម្លាប់ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ដែលបង្កដោយបុរសម្នាក់ ច្របាច់កសម្លាប់សង្សាខ្លួនឯង។
ក្រោយកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ បានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននគរបាលព្រហ្មទណ្ឌ បានដឹកនាំមានសមត្ថកិច្ច សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំណត់បានទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួន នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប និងមានទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ និងទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ។ ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើជាមួយគ្នា។
ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនច្របាច់ កសម្លាប់នារីដែលជាសង្សារ ព្រោះតែរឿងប្រច័ណ្ឌ។
ក្រោយឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនដៃដល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី ៕