(ខេត្តកំពង់ស្ពឺ) ៖ លោកស្រី ហោ ម៉ាលីន
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានណែនាំដល់មន្ទីរថ្នាក់ក្រោមរបស់ខ្លួននៃកសិកម្មខេត្តកំពង់ស្ពឺ ត្រូវបន្តគាំទ្រនិងជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្មនិងបសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពរស់នៅ។
ការថ្លែងរបស់លោកស្រីរដ្ឋលេខាធិការបែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទលើការងារឆមាសទី១ លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤កាលពី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
លោកស្រី ហោ ម៉ាលីន បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការអនុវត្តផ្ទាល់ពីសំណាក់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានយកចិត្តទុកដាក់ខ្ពស់លើការងារដឹកនាំគ្រប់គ្រង សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែមានភាពប្រសើរឡើងដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូលដល់គ្រួសារប្រជាកសិករ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ជាមួយគ្នានោះដែរ លោកស្រី រដ្ឋលេខាធិការក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់មន្ទីរដែលសម្រេចបាននាពេលកន្លងមកនិងបច្ចុប្បន្ន ទោះបីមានបញ្ហាប្រឈមខ្លះកើតមានឡើងក៏ដោយ និងបានណែនាំឱ្យមន្ទីរ បន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ សារាចរណែនាំដែលក្រសួងបានដាក់ចេញ។ជាពិសេសការឆ្លើយតបនឹងបញ្ហាប្រឈមនានារបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកៀងគរការចូលរួមពីគ្រប់ភាគី ក្នុងការពន្លឿនសន្ទុះនៃការអភិវឌ្ឍ រក្សាបានកំណើនសេដ្ឋកិច្ចជាតិនិងចំណូលគ្រួសារកសិករ។
បើតាមលោក យឹម ណន អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺក៏បានឲ្យដឹងថា ខេត្តកំពង់ស្ពឺឆ្នាំនេះការងារបង្កបង្កើនផលស្រូវវស្សា ប្រជាកសិករបានធ្វើលើសពីផែនការរហូតដល់ទៅជិត១៣ម៉ឺនហិកតាលើផែនការសរុបត្រឹមតែ១២ម៉ឺនហិកតាប៉ុណ្ណោះ ហើយក្នុងនោះគឺស្រុកបសេដ្ឋកើនលើសចំនួន៩០ហិកតានិងស្រុកឱរ៉ាល់កើនលើសចំនួន២៤០០ហិកតា។
លោកថា ចំពោះការដាំដំណាំរួមផ្សំរបស់ប្រជាកសិករ បានថយចុះពីផែនការ តែការចិញ្ចឹមសត្វនៅតាមគ្រួសារ របស់ប្រជាកសិករហាក់មានការកើនឡើងគ្រាដែលតម្រូវការទីផ្សារនៃសត្វសម្រាប់ជាចំណីអាហារមានតម្រូវការខ្ពស់ ៕