ភ្នំពេញ) ៖គិតចាប់ពីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ចាប់ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៧ ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ២លាន ៧២ម៉ឺនដុល្លារ។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ឃាន តួក បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»នេះ មានរយៈពេលពេញ ១ខែមិថុនានេះ ក្នុងគោលបំណងចម្បងចំនួន២ គឺដើម្បីលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងការបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា។
លោកបានបន្តថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាននិងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជានេះផងដែរ។
សូមបញ្ជាក់ថា ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ នាឱកាសនោះលោកជំទាវបណ្ឌិត បានថ្លែងថា «ការរក្សានិរន្តរ ភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរួមរបស់ពលរដ្ឋកម្ពុជាគ្រប់រូប» ៕