ខេត្តព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកកំណត់ផ្លូវជាតិលេខ៤ ក្នុងក្រុងព្រះសីហនុបណ្ដាលឲ្យបុរស២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុនៅវេលារំលងអាធ្រាត។ សមត្ថកិច្ចមានការកត់សម្គាល់ថា មួយរយៈចុង ក្រោយនេះករណីគ្រោះ ថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុមានការកើនឡើងគួរឲ្យព្រួយបារម្ភ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា នៅវេលាម៉ោងជាង ១ រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រញ៉ូវស្តា ស្ថិត​ក្នុងភូមិ​១ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង រវាងម៉ូតូ០១គ្រឿងម៉ាក​ HONDA DREAM C125 ពណ៌​ខ្មៅ អ្នកបើកបរឈ្មោះ​ ដា ភេទប្រុស​ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ដែលមានទិសដៅ​ពីលិចឆ្ពោះទៅកេីត​(សង្ស័យ​បញ្ច្រាស់ទិស) លុះមកដល់ចំណុចកេីតហេតុខាងលើ បេីកក្នុងល្បឿនលឿនបុកជាមួយនឹងម៉ូតូ០១គ្រឿង​ម៉ាក​ HONDA SCOOPY ពណ៌ខ្មៅ​ បេីកបរដោយឈ្មោះ​ សំ​ ថៃប៊ុនរ៉ុង​ ភេទប្រុស​ កេីតឆ្នាំ២០០០​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិជ្រលង​ ឃុំខ្នាត​ ស្រុកពួក​ ខេត្ត​សៀមរាប​ ដែលមានទិស ដៅផ្ទុយគ្នា(បេីកស្របទិសរបស់ខ្លួន)។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យ​ស្លាប់មនុស្ស ២នាក់ដែលជាអ្នកបេីកបរម៉ូតូ​ HONDA DREAMនិងអ្នកបេីកបរម៉ូតូ​ HONDA SCOOPY។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

ចំណែកឯវត្ថុតាង ម៉ូតូ០២គ្រឿងដែលខូចយ៉ាងខ្លាំងត្រូវបានសមត្ថកិច្ច​យកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដេីម្បីបន្តតាមនីតិវិធី។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានអំពាវនាវឲ្យប្រជាពលរដ្ឋបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះមានការកត់សម្គាល់ថា គ្រាន់តែក្នុងរយៈពេល១ខែកុម្ភៈកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមនុស្សជាង១០នាក់ស្លាប់និងរងរបួសរាប់សិបនាក់ទៀតនៅខេត្តព្រះសីហនុ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed