ខេត្តមណ្ឌលគិរី÷កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្ត មណ្ឌលគិរី ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបនៅអគារមេគង្គ៧៤ ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី អនឡាញខុសច្បាប់ ហើយធ្វើការឃាត់ខ្លួនជនបរទេស២៥៨នាក់។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសអនឡាញមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលព័ត៌មាន និងសេចក្តីរាយការណ៍ដែលផ្ញើចូល Page Facebook របស់ក្រសួងមហាផ្ទៃ។
របាយការណ៍បានបង្ហាញលទ្ធផលពីលទ្ធផលបង្ក្រាប ដោយរកឃើញជនបរទេសកំពុងស្នាក់នៅ និងធ្វើការសរុប២៥៨នាក់ ស្មើ ០៤សញ្ជាតិ (ចិន២៤៧នាក់, មីយ៉ាន់ម៉ា៩នាក់, ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់)។
ក្រោយការចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានជនសង្ស័យ១៤នាក់ (ចិន ០៧នាក់ និងមីយ៉ាន់ម៉ា ០៧នាក់) ដែលមានសញ្ញាណពាក់ព័ន្ធប្រព្រឹត្តសកម្មភាពប្រើអំពើហិង្សា និងបង្ខំអោយធ្វើការ
សម្រាប់វិធានការបន្ត, កម្លាំងនគរបាលបានបញ្ជូនជន សង្ស័យ១៤នាក់ (ចិន០៧នាក់ និងមីយ៉ាន់ម៉ា០៧នាក់) និងជនរងគ្រោះជនជាតិចិនម្នាក់ ទៅស្នងការដ្ឋានខេត្ត មណ្ឌលគីរី ដើម្បីសាកសួរ នាំបន្ត។
សម្រាប់ជនបរទេសចំនួន២៤៣នាក់ (ចិន ២៣៩នាក់, មីយ៉ាន់ម៉ា០២នាក់ ម៉ាឡេស៊ី ០១នាក់ វៀតណាម ០១ នាក់) ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី៕