(ខេត្តក្រចេះ)៖ ក្នុងអំឡុងដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង២០០នាក់ ចុះធ្វើដំណើរទស្សនកិច្ចនៅមូលដ្ឋានខេត្តក្រចេះ ដើម្បីអបអរសាទរទិវាអន្តរជាតិ ៨មីនា, លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួមការពារ និងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូរបែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋានតាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ បង្កើនចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន, លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកទស្សនាសត្វផ្សោតទឹកសាប ទន្លេមេគង្គ នៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រីបានថ្លែងថា សត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ១០០ក្បាល ដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិ និងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារ និងចំណូលជូនដល់សហគមន៍មូលដ្ឋាន។
លោក នេត្រ ភក្ត្រា បានលើកឡើងថា សម្រាប់ការដឹកនាំមន្ត្រីរាជការជានារី នៃក្រសួងព័ត៌មាន ឱ្យមកទស្សនកិច្ចនៅខេត្តក្រចេះ និងជិះទូកទស្សនាសត្វផ្សោតទឹកសាប គឺដើម្បីឱ្យពួកគាត់បានឃើញ បានស្គាល់សត្វផ្សោតដែលជាបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា ដោយផ្ទាល់ភ្នែក និងពញាក់ស្មារតីឱ្យរួមគ្នាអភិរក្ស ការពារធនធានធម្មជាតិដ៏កម្រមួយនេះផងដែរ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថាខេត្តក្រចេះមានទីតាំងទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើនដូចជា៖ អន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់ វត្ដវិហារធំសសរ១០០ ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ, តំបន់សហគមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ, រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ។
ជាមួយគ្នានេះ ប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ និងសូមកោតសរសើររដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត និងគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍សហគមន៍ដែលបានចូលរួមរៀបចំពង្រឹងករធ្វើបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសើរ, បម្រើសេវាកម្មជូនភ្ញៀវឱ្យបានល្អ, រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវបានល្អ៕