(ខេត្តកំពង់ស្ពឺ) ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានធ្វើការព្រមានចាត់វិធានការចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ សួនឧស្សាហកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ និងគ្រប់គ្រឹះស្ថាន ដែលមិនបានគ្រប់គ្រងឱ្យបានត្រឹមត្រូវចំពោះសំរាម សំណល់រឹងទីប្រជុំជន សំណល់រឹងឧស្សាហកម្ម សំណល់គ្រោះថ្នាក់ សំណល់វេជ្ជសាស្ត្រ សំណល់រាវ និងសំណល់ល្បាប់ភក់ចេញពីអាងប្រព្រឹត្តកម្ម។ នេះបើយោងតាមការជូនដំណឹងរបស់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កន្លងមកសំរាម សំណល់រឹងទីប្រជុំជន សំណល់រឹងឧស្សាហកម្ម សំណល់គ្រោះថ្នាក់ សំណល់វេជ្ជសាស្ត្រ សំណល់រាវ និងសំណល់ល្បាប់ភក់ចេញពីអាងប្រព្រឹត្តកម្ម មានការគ្រប់គ្រងមិនបានត្រឹមត្រូវ ដោយមានសភាពរាយប៉ាយ នៅតាមទីតាំងអាជីវកម្ម ដងផ្លូវសាធារណៈ និងលួចបញ្ចេញសំណល់រាវដោយផ្ទាល់ទៅទីសាធារណៈ មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើយ។ មិនតែប៉ុណ្ណោះ មានប្រភេទអាជីវកម្មមួយចំនួន បានបន្តយកវិស័យឯកជន ឬក្រុមហ៊ុនបម្រើសេវា ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកបម្រើសេវាកម្មប្រមូល សម្អាត និងដឹកជញ្ជូនសំណល់នៃអាជីវកម្មរបស់ខ្លួន យកទៅចាក់ចោលពាសវាលពាសកាល ដោយមិនមានទំនួលខុសត្រូវឡើយ។
ប្រធានមន្ទីរបរិស្ថានខេត្ត លោក ចាន់ថេត ថានរៈ បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់រឹងឧស្សាហកម្ម សំណល់ គ្រោះថ្នាក់ សំណល់វេជ្ជសាស្ត្រ សំណល់រាវ សំណល់ល្បាប់ភក់ចេញពីអាងប្រព្រឹត្តកម្ម និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យការបញ្ចេញសំណល់រាវ ឱ្យស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន មន្ទីរបរិស្ថាន ក្រើនរម្លឹកដល់គ្រប់ម្ចាស់គម្រោងអភិវឌ្ឍន៍ សួនឧស្សាហកម្ម រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថាន និងសេវាកម្មទាំងអស់ ត្រូវចូលរួមរៀបចំទុកដាក់ ប្រមូល សម្អាត សំណល់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិទាំងនេះ ឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត និងចូលរួមប្រើប្រាស់ក្រុមហ៊ុនបម្រើសេវាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច មកប្រមូល សម្អាត និងដឹកជញ្ជូនយកទៅដាក់នៅទីលានដែលអាជ្ញាធរបានកំណត់។
ក្នុងករណីដែលមន្ទីរបរិស្ថានរកឃើញថា គ្រប់ប្រភេទអាជីវកម្មណា មិនមានការចូលរួមគ្រប់គ្រង សំណល់ និងមិនបំពាក់ឧបករណ៍ស្វ័យប្រវត្តិឱ្យបានត្រឹមត្រូវ នៅតែបន្តមានសំណល់រាយប៉ាយ ស្ថិតនៅទីតាំងអាជីវកម្ម ដងផ្លូវសាធារណៈ និងមានការលួចបញ្ចេញសំណល់រាវដោយផ្ទាល់ទៅទីសាធារណៈបន្តទៅទៀត មន្ទីរបរិស្ថាន នឹងមានវិធានការតាមច្បាប់ ចំពោះគម្រោងអាជីវកម្ម ដោយមិនមានការលើកលែងឡើយ។
ទន្ទឹមនេះប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រំពឹងថា គ្រប់គម្រោងអភិវឌ្ឍន៍ សួនឧស្សាហកម្ម រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថាន និងសេវាកម្មទាំងអស់ នឹងចូលរួមអនុវត្តតាមការណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាព៕