ខេត្តពោធិ៍សាត់÷ស្ត្រីមេម៉ាយម្នាក់រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ រងបណ្ដឹងពីឈ្មោះ គិត វណ្ណៈ ដោយត្រូវសាលាដំបូងខេត្តពោធិ៍សាត់កោះ ហៅទៅឆ្លើយក្នុងសំណុំរឿងក្លែងបន្លំឯកសារសាធារណៈដែលត្រូវចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះហើយ។ នេះបើតាមដីការកោះរបស់អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។
ដីកាកោះនោះសរសេរថា អញ្ជើញឈ្មោះ ឈួន សុឃីម ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(ជនសង្ស័យ)ឲ្យចូលមកកាន់ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង៩ និង៣០ នាទី ដើម្បីបំភ្លឺពីដំណើររឿង៖ក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ តាមពាក្យបណ្តឹងរបស់ឈ្មោះ គិត វណ្ណៈ ។
អ្នកស្រីឈួន សុឃីម បានប្រាប់អ្នកកាសែតថា គ្រួសារគាត់មិនមានទំនាក់ទំនង ឬទំនាស់ក្នុងហេតុផលណា មួយឬក៏មានព្រំដីជាប់ជាមួយឈ្មោះ គិត វណ្ណៈ នោះដែរ ។ ដូច្នេះអ្នកស្រីបានត្រឹមតែមានចម្ងល់ចំពោះបញ្ហាដែលកើតឡើង រហូតដល់មានការប្ដឹងផ្ដល់ឡើងតុលាការទៀតផង ។ មិនតែប៉ុណ្ណោះរឿងនេះក៏ធ្លាប់ហៅអ្នកស្រីទៅសាលាក្រុងពោធិ៍សាត់ ដើម្បីចូលរួមដោះស្រាយអំពីបញ្ហា ដោយមានការរួមពីលោកចាប នាង អភិបាល ក្រុងពោធិ៍សាត់ ក្នុងនោះឈ្មោះ គិត វណ្ណៈ បានអះអាងថា គាត់មានដីទំហំ២៥០០ម៉ែត្រការ៉េ បន្ទាប់ស្រាប់ហេតុ ផលចប់សព្វគ្រប់លោក អភិបាលក្រុងពោធិ៍សាត់(ចាប នាង)ឲ្យពួកគាត់ត្រឡប់មកផ្ទះវិញ និងចាត់មន្រ្តីជំនាញឲ្យចុះមកស្រាវជ្រាវ។ លទ្ធផលដី លោកគិត វណ្ណៈ មានទំហំ១២០០ម៉ែត្រការ៉េតែប៉ុណ្ណោះ ។
អ្នកស្រីឈួន សុឃីម បញ្ជាក់ថា ក្រោយមកមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញកោះហៅគាត់ម្ដងទៀត ប៉ុន្តែដំណោះស្រាយផ្លូវ ច្បាប់ពុំមានទេ មានតែលួងលោមចចារសុំទិញដី(ឈួន សុឃីម)ឲ្យគិត វណ្ណៈ ប៉ុណ្ណោះ ។ បន្តមកទៀតក៏មានមន្រ្តីភូមិបាលក្រុងពោធិ៍សាត់ចេញមកចចារសុំទិញដីរបស់គាត់ឲ្យគិត វណ្ណៈដូចខាងមន្រ្តីនគរបាលនៃស្នងការដ្ឋានខេត្តដូចគ្នាដែរ ។
អ្នកស្រី ឈួន សុឃីម ទៀតថា ចំពោះបទចោទរបស់តុលាការខេត្តពោធិ៍សាត់នោះ ក៏អ្នកស្រីមិនយល់អំពីហេតុផលអ្វីនោះដែរ។ អ្នកស្រីកត់ សម្គាល់ថា បន្ទាប់ពីប្ដីអ្នកស្រីទទួលមរណភាពទៅអ្វីៗហាក់ដូចជា គាបសង្កត់មកលើគ្រួសារអ្នកស្រីយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកស្រីយល់ ឃើញថា ការបាត់បង់ស្វាមីជាជំហរក្នុងគ្រួសារ ធ្វើឲ្យមជ្ឈដ្ឋានអ្នកដទៃ មើលស្រាល និងប៉ងប្រាថ្នាលេបត្របាក់តែម្ដង។ អ្នកស្រីឈួន សុឃីម បានឱ្យដឹងថា លំនៅដ្ឋាន និងដីដែលក្រុមគ្រួសារអ្នកស្រីកំពុងស្នាក់នៅសព្វថ្ងៃមានប្លង់រឹងត្រឹមត្រូវដែលចេញដោយមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ចុះថ្ងៃទី៣០ ៨ ២០១២ ។ អ្នកស្រីបានត្រឹមតែឆ្ងល់ថា តើឈ្មោះ គិត វណ្ណៈ ប្ដឹងអ្នកស្រីរឿងអ្វីបើសូម្បីតែលំនៅឋានមិនជាប់ព្រំគ្នា ។ មានត្រឹមតែបងប្អូនដែលមានព្រំដីជាប់ជាមួយលំនៅដ្ឋានរបស់អ្នកស្រី។
អ្នកស្រីឈួន សុឃីម បច្ចុប្បន្នជាស្ត្រីមេម៉ាយទន់ខ្សោយដែលមានប្ដីលោក សូ សៀន អតីតជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ។ ផ្ទះអ្នកស្រីគឺស្ថិតនៅនឹងមុខសាលាសង្កាត់ព្រៃញីនោះតែម្ដង។ អ្នកភូមិជិតខាងបានត្រឹមតែសម្ដែងចម្ងល់និងអាណិតអាសូរចំពោះអ្នកស្រីឈួន សុឃីម ជាស្ត្រី មេម៉ាយបន្ទាប់ពីប្ដីស្លាប់ចោល ៤-៥ឆ្នាំមកនេះ។ អ្នកភូមិរំពឹងថា តុលាការនឺងផ្ដល់យុត្តិធម៌សម្រាប់គ្រួសារស្ត្រីមេម៉ាយខាងលើនេះ៕