ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងនគរបាលហៅផ្លុំអាល់កុល រហូតកើតជាជម្លោះពាក្យសម្តី។
លោក សុខ ទូច បានរៀបរាប់លើបណ្តាញសង្គមរបស់លោកថា ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទិសដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅ កន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត។
លោកបណ្ឌិតសភាចារ្យបន្តថា នៅតាមផ្លូវមកផ្ទះបានជួបសមត្តកិច្ចអនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ឃាត់ឡាន និងឱ្យរូបលោកផ្លុំវាស់កម្រិតជាតិអាល់កុល។ ពេលនោះ បានចុះទៅសហការ តែលោកស្នើសុំហែកទុយោថ្មី ព្រោះខ្លាចរបស់អ្នកចាស់ឆ្លងរោគ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់ថា សំណើរបស់លោក ត្រូវបានសមត្ថកិច្ចស្រែកកំហកថា «ហែងស្អីបានមកបញ្ជាកងកម្លាំង»។
លោក សុខ ទូច បានរៀបរាប់ថា កំពុងតែហត់នឿយផង ឮបែបនេះ លោកទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមក សហការផ្លុំចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុលដែលសមត្ថកិច្ចចង់បាន សមត្ថកិច្ចចោទថា ផ្លុំមិនត្រឹមត្រូវ ហើយឱ្យរូបលោកផ្លុំម្តងទៀត។
ដោយផ្លុំច្រើនដងមិនចេញ លោក សុខ ទូច ក៏លែងសហការ។ ពេលនោះ លោកក៏បាននិយាយថាបើលោកខុសចង់ដាក់ខ្នោះដាក់ទៅ។
លោក សុខ ទូច បានបញ្ជាក់ថា កាយវិការច្រលោតរបស់លោក ព្រោះខឹងណាស់ ហត់ណាស់ លោកបានប្រាប់ថា រូបលោក សុខ ទូច ទើបមកពីព្រំដែនទេ តែគេចោទថាស្រវឹងជោកជាំ ប្រហែលឃើញភ្នែកក្រហម។
លោក សុខ ទូច បានឱ្យដឹងថា ភ្នែកក្រហម ព្រោះលោកដើរផង បើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត្រ និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសម្រាក។
«មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចារិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុស,ខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កម្រិតដែលបង្កបញ្ហាផងតើឱ្យខ្ញុំផ្លុំរបៀបម៉េចទៀត? គេថតខ្ញុំបាន តែពេលខ្ញុំឱ្យគ្រួសារខ្ញុំថតវិញ គេមិនឱ្យថតទេ»។ នេះជាការបញ្ជាក់របស់លោក សុខ ទូច។
បើតាមការរៀបរាប់របស់លោក សុខ ទូច បានឱ្យដឹងថា ក្រោយមានបញ្ហានោះ លោកបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារលោក ហៅកង់បីជិះបានបន្តិច ទើបដឹងថាផ្ទះឆ្ងាយគេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់រូបលោក។
លោក សុខ ទូច បានបញ្ជាក់ថា លោកមិនចង់បង្ហោះរឿងរ៉ាវនេះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ។
ក្នុងសាររបស់លោក សុខ ទូច មានប្រជាពលរដ្ឋជាច្រើន ចេញមកលាតត្រដាងរឿងរ៉ាវរបស់ពួកគេ និងលើកឡើងពីភាពខ្វះសីលធម៌ពេលបំពេញការងារ និងប្រៀបខ្លួនដូចរាជសីក្នុងពេលអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាល។
សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅវេលាម៉ោង១១:៥៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ខណៈនោះមានរថយន្ត១គ្រឿង ម៉ាក FORT ពណ៌ទឹកប្រាក់ ផ្លាកលេខរដ្ឋ 052-0431 បានធ្វើដំណើរក្នុងរថយន្តមានគ្នា២នាក់ (ប្រុស ០១នាក់ ស្រី ០១នាក់) ឆ្លងកាត់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ខណៈននោះសមត្ថកិច្ចបានឃាត់រថយន្តនេះឱ្យអ្នកបើកបរចូលមកសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង។
បន្ទាប់មកសមត្ថកិច្ចបានឃើញអ្នកបើកបរចុះមកសហការជាមួយសមត្ថកិច្ចដោយសមត្ថកិច្ចនៅគោលដៅនោះមិនបានស្គាល់លោកបណ្ឌិត សុខ ទូច នោះទេ នៅពេលនោះគាត់មានកាយវិកា និងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។ បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ជក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយយកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថាប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល។
បន្ទាប់មកគាត់ក៏បានរើយកអីវ៉ាន់ វ៉ាលី និងសម្ភារ ចេញពីក្នុងរថយន្ត រួចហៅផាស់អេប ជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បន្ទាប់សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ៕