បន្ទាយមានជ័យ៖ ក្រោមអំណាចលោកអ៊ីចំរើនប្រធាននគរបាលអន្តោប្រវេសន៍ច្រកព្រំដែនប៉ោយប៉ែតបញ្ហាមិនឈប់ឈរនោះឡើយ។ ឥឡូវនេះលេចធ្លាយរឿងនៃការបង្ខំឲ្យបងប្អូនអ្នករត់ម៉ូតូឌុបម៉ូតូកង់បី pass app បង់ប្រាក់ប្រចាំខែក្នុងយានយន្ត១គ្រឿង៣០០០បាត។ ប្រការនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ នៅគ្រាដែលប្រជាពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងរអ៊ូរទាំអំពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។
ក្រុមអ្នករត់ម៉ូតូឌុបនិងអ្នកបើកpass app បានរិៈគន់ពីការធ្វើអាជីវកម្ម នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយបានឲ្យដឹងថា សមត្ថកិច្ចនៅច្រកទ្វារព្រំដែនមួយនេះ បានកំណត់យកលុយពីអ្នករត់ម៉ូតូឌុប pass app ក្នុង១គ្រឿងៗចំនួន៣.០០០បាតលុយថៃសម្រាប់១ខែម្ដង។ ប្រាក់ 3,03 លុយថៃនេះគឺជាថ្នូរនិងការអនុញ្ញាតឲ្យមានសិទ្ធិដឹកភ្ញៀវឬចូលចាប់ម៉ូយដោយគ្មានសណ្ដាប់ធ្នាប់នៅក្នុងបរិវេណច្រកចេញចូលព្រំដែននោះតែម្ដង។
សម្រាប់អ្នកដែលពុំបានបង់លុយតាមការកំណត់នេះទេ គឺបានត្រឹម ដើរចាប់ម៉ូយដឹកភ្ញៀវខាងក្រៅ បរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុណ្ណោះ។ សមត្ថកិច្ចនៅច្រកព្រំដែនប៉ោយប៉ែត កំណត់មុខសញ្ញាយ៉ាងច្បាស់ ខណៈអ្នកបង់លុយ ទទួលបានអាវកាក់សម្រាប់ពាក់ដើម្បីអាជីវកម្មនិងមានធីមជាក្រុម។ ក្រៅពីនេះ រាល់ម៉ូតូឌុបនិងកង់៣ឥណ្ឌា ណាមិនបោកប្រាក់ហើយចូលបរិវេណច្រកទ្វារព្រំដែន នឹងត្រូវសមត្ថកិច្ចចាប់ឃាត់ ដេញចេញមិនខាន។
អ្នករត់ម៉ូតូឌុបនិង pass appបានអះអាងថា អ្នកដែលមានសិទ្ធអទិភាព ចេញចូលដឹកភ្ញៀវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបាន គឺសុទ្ឋតែបានបង់ខែ ឱ្យសមត្ថកិច្ចទាំងអស់។ ក្នុងនោះម៉ូតូឌុប១គ្រឿងបង់ចំនួន ៣.០០០បាតក្នុង១ខែ និងកង់៣ឥណ្ឌា បង់៣.០០០ បាតក្នុង១ខែដូចគ្នា។
ចំណែកអ្នករត់ម៉ូតូឌុបនិងpass app ទាំងឡាយណាដែលពុំបានបង់លុយ គឺមិនអនុញ្ញាតឱ្យចូលដឹក ភ្ញៀវក្នុងបរិវេណច្រកទ្វារព្រំដែនប៉ោយប៉ែត បានឡើយ។ ពោលគឺ អ្នកបង់លុយឬមិនបង់លុយ គេសម្គាល់លើការពាក់អាវកាក់ និងមានធីមជាក្រុម។ គេកត់សម្គាល់ឃើញ ថា ក្នុង១ថ្ងៃៗ មានម៉ូតូឌុបនិងកង់៣ឥណ្ឌា រាប់សិបគ្រឿងដែលកំពុងធ្វើអាជីវកម្ម ទាំងក្នុងទីធ្លានៃច្រកទ្វារព្រំដែនប៉ោយប៉ែត និងខាងក្រៅ។
ប្រភពពីសមត្ថកិច្ចស្ថាប័នផ្សេងទៀតនៅទីនោះបានឲ្យ ដឹងថា ពុំមែនមានតែម៉ូតូឌុបនិងកង់៣ឥណ្ឌា ប៉ុណ្ណោះ ទេ ដែលត្រូវបង់លុយរាល់ខែ។ បើនិយាយពីតូបលក់ដូរអីវ៉ាន់ចាប់ហួយ,បារី,ដូរលុយ ដែលមានប្រមាណជា១០ តូប ដែលអមសងខាងផ្លូវនៃច្រកទ្វារព្រំដែនប៉ោយប៉ែតវិញ គឺបង់លុយកាន់តែច្រើនជាងហ្នឹងទៅទៀត។
ប្រភពបន្តថា ជនជាតិថៃ ដែលតែងតែចូលមកលេងល្បែងក្នុងកាស៊ីណូខាងដីខ្មែរ ក៏ត្រូវចំណាយក្នុងម្នាក់ៗចំនួន១០០បាតផងដែរ សម្រាប់រត់ការវ៉ៃត្រាVIPលើលិខិតឆ្លងដែនជាប្រចាំ…!។
ក្រុមអ្នករត់ម៉ូតូឌុប និងកង់៣ឥណ្ឌា,ភ្ញៀវទេសចរណ៍ក៏ដូចជា អ្នកលក់ដូរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតសុំស្នើយ៉ាងទទូចដល់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ,លោកសុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍.លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍កុំឱ្យមានការកំណត់យកលុយ ពីអ្នករត់ម៉ូតូឌុបនិងកង់៣ឥណ្ឌា តទៅទៀត ដើម្បីឱ្យមានភាពស្មើគ្នា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបការងារ ជាលក្ខណៈគ្រួសារមួយនេះ៕